ព័ត៌មានជាតិ

សាលាក្ដីខ្មែរក្រហម ធ្វើវេទិកាពិភាក្សាពីសំណងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២/០២

ភ្នំពេញៈ អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងរៀបចំវេទិកាស្តីពីការវិវឌ្ឍន៍ថ្មីៗ នៃនីតិវិធីរបស់ អ.វ.ត.ក និងសំណងក្នុងសំណុំរឿង ០០២/០២ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែមិថុនានេះ។

វេទិកានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោកស្រីបណ្ឌិត Ludgera Klemp អគ្គកុងស៊ុល និងប្រមុខសហប្រតិបត្តិការ នៃស្ថានទូតសហព័ន្ធអាឡឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃវេទិកានេះគឺ ១-ផ្តល់ព័ត៌មានដល់ដើមបណ្តឹងរដ្ឋប្បវេណី ស្តីពីការវិវឌ្ឍន៍ថ្មីៗ នៃនីតិវិធីរបស់ អ.វ.ត.ក ក្នុងសំណុំរឿង ០០២/០២ និងទី២-ផ្តល់ព័ត៌មានដល់ដើមបណ្តឹងរដ្ឋប្បវេណី ស្តីពីការអនុវត្តគម្រោងសំណងក្នុងសំណុំរឿង ០០២/០១ ព្រមទាំងផ្តល់បទបង្ហាញ និងពិភាក្សាអំពីគម្រោងសំណងក្នុងសំណុំរឿង ០០២/០២។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីដើមបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿង០០២ និងជនរងគ្រោះប្រមាណ១២០នាក់ មកពីខេត្តព្រៃវែង កំពង់ស្ពឺ កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងអង្គការសង្គមស៊ីវិល។ នេះ គឺជាឱកាសមួយទៀត សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីទទួលបានព័ត៌មាន និងការបញ្ចេញទស្សនៈ ជុំវិញបញ្ហាផ្សេងៗដែលចាំបាច់សម្រាប់ពួកគាត់៕

មតិយោបល់