ភ្នំពេញៈ ដោយសារតែសព្វថ្ងៃនេះនៅតាមបណ្តា រាជធានី ខេត្ត ក្រុង គេសង្កេតឃើញមានកំណើននូវយុវជន យុវនារី ដែលស្ថិតក្នុងវ័យសិក្សាកំពុងតែងាកទៅចាប់យកវប្បធម៌បរទេសដោយបានស្លៀកពាក់ស៊ិចស៊ី ខើចលើ ខើចក្រោម និងកាត់សក់ ហាយឡាយសក់ច្រើនពណ៌ ចូលទៅសាលារៀន ហើយដោយឃើញនូវទង្វើររបស់សិក្សានុសិស្សកាន់តែប្រាសចាកឆ្ងាយពីប្រពៃណីខ្មែរបែប មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់មាតាបិតា ក៏ដូចអាណាព្យាបាលសិស្ស សូមជួយពិនិត្យសម្លៀកបំពាក់កូនៗ ឲ្យបានសមរម្យ មុននឹងទៅសាលារៀន ចៀសវាងការស្លៀកស្តើង ខ្លី ខើចលើ ខើចក្រោម សក់ច្រើនពណ៌ ធ្វើខ្លួនហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជាតិដ៏ល្អផូរផង់របស់ខ្មែរយើង។
ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញលោកស្រី ហួត យារី បានឲ្យដឹងថា តាមគោលការណ៍ ឬច្បាប់របស់សាលាគ្រប់សិស្សទាំងពីរប្រភេទ ប្រសិនបើមានសម្លៀកបំពាក់មិនមែនជាសិស្ស ដាច់ខាតឲ្យឈរនៅក្រៅថ្នាក់ មិនអនុញ្ញាតឲ្យចូលរៀនដាច់ខាត។ ក្នុងករណីអាណាព្យាបាលចេញមុខមកធានា ត្រូវធ្វើកិច្ចសន្យាត្រឹមត្រូវ ទើបនាយកឲ្យចូលរៀនវិញបាន។
លោកស្រីប្រធានមន្ទីរបានបន្តថា មន្ទីរអប់រំសូមអំពាវនាវដល់មាតា បិតាសិស្សទាំងអស់មិនថា អ្នកមាន ឬអ្នកក្រ សូមជួយពិនិត្យសម្លៀកបំពាក់កូនឲ្យបានសមរម្យ មុននឹងទៅសាលាឲ្យសមជាសិស្ស ជាស្ត្រីខ្មែរ ដើម្បីរក្សាប្រពៃណី។ មួយវិញទៀត សាមីខ្លួនជាសិស្ស ត្រូវមើលបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលជារៀងរាល់ឆ្នាំ បានផ្ញើជូននៅថ្ងៃបវេសនកាលសាលាអំពីវិន័យសាលាបានកំណត់បែបណានោះ?
ដូច្នេះ ដើម្បីប្រពៃណីខ្មែរទាំងអស់គ្នា ដើម្បីកូនស្រីខ្មែរទាំងអស់គ្នា សូមមាតាបិតា អាណាព្យាបាល ត្រូវចូលរួមអប់រំ និងដាស់តឿនកូនទាំងអស់គ្នាឡើងវិញ។
ដើម្បីរួមគ្នាថែរក្សាវប្បធម៌ប្រពៃណីខ្មែរដ៏ល្អផូរផង់នេះ អាណាព្យាបាលសិស្សទាំងអស់ត្រូវរួមគ្នាធ្វើការអប់រំណែនាំធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងដល់កូនប្រុសស្រីគ្រប់ស្រទាប់យុវវ័យ ពិសេសផ្តោតទៅលើក្មេងស្រី ព្រោះបច្ចុប្បន្ននេះ មានយុវនារីមួយចំនួនបានស្លៀកបំពាក់ខ្លី ខើចលើ ខើចក្រោម និងតុបតែងខ្លួនចំឡែកៗ ខុសពីធម្មតា ដែលគេចាត់ទុកថា បានចម្លងតាមវប្បធម៌បរទេស ធ្វើឲ្យប៉ះពាល់កិត្តិយស និងអាប់ឱនដល់ប្របៃណីវប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរយើងយ៉ាងខ្លាំង៕
មតិយោបល់