ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើកបររថយន្តឡិចស៊ីសមួយគ្រឿង បោះពួយយ៉ាងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តដាច់ក្រឡេកង់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចស្តុបដីឥន្ធ ប្រមាណ២០ម៉ែត្រ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX400 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AA-4333 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវាចអស់២កង់។ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតកាងនិងដាក់ក្រឡេកង់ខាងមុខចំហៀងខាងខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោមពេលកើតហេតុរថយន្ដបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់