ព្រះសីហនុៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នា ហើយរថយន្តធំមួយគ្រឿងជ្រុលទៅបុកចូលទៅប៉ះរោងលក់ដូរនៅចិញ្ចើមផ្លូវនិងផ្ទះប្រជាពលរដ្ឋនៅចំណុចផ្លូវបំបែកស្រែអំបិល នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១ ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
រថយន្តទាំង៤គ្រឿង មានរថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ស ឆ្នូតខៀវ ពាក់ស្លាកលេខ ព្រះសីហនុ4A-0915 កន្ទុយរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ3C-1294 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចនឹងរថយន្តម៉ាក ម៉ីហ៊្សូប៊ីស៊ីត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ29 2-0179 រួចក៏បន្តទៅបុកនឹងរថយន្តសាំងយ៉ុង ពណ៌ស ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ2T-6231 ដែលចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយបន្តទៅបុកនឹងរថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-4413 ដែលចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយរថយន្តបន្តទៅបុកបង្គោលគីឡូម៉ែត្រលេខ១៤១ រួចបុកបង្គោលសញ្ញាចរាចរណ៍ តូបលក់អីវ៉ាន់២តូប និងផ្ទះប្រជាលពលរដ្ឋបែកបាក់ផ្នែកខាងមុខទាំងស្រុង។
ករណីនេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ ក្នុងនោះស្រី ៣នាក់ រួមមានឈ្មោះ សឹង សុធារី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរ ធើ្វការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រងរបួសធ្ងន់។ ឈ្មោះ ឃ្លាំង គង់ ភេទស្រី អាយុ៦០ឆ្នាំ របួសស្រាល។ ឈ្មោះ ហិន នៅ ភេទប្រុស អាយុ២៧ឆ្នាំ របួសស្រាល។ និងឈ្មោះ ឡាច ហៀម ភេទស្រី អាយុ៦៩ឆ្នាំ របួសស្រាល។
អ្នកទាំង៣រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំពោះករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់