ភ្នំពេញៈ ម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដឹកគ្រឿងបន្លាស់រថយន្ត១គ្រឿង ខណៈកំពុងបើកបរតាមផ្លូវត្រង់ ស្រាប់តែមានរថយន្តបែនដឹកដី១គ្រឿងទៀត បើកបត់ឆ្លងផ្លូវកាត់មុខ គេចមិនទាន់ក៏ជ្រុលទៅបុកចំកង់ក្រោយខាងស្ដាំរថយន្ត បណ្ដាលឲ្យកៀបអ្នកបើកបររងរបួសធ្ងន់តែម្ដង។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចជិតភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះសុខ អាយុ ជាង៥០ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុ គាត់បានបើកបរម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ អត់ស្លាកលេខ និងសណ្ដៀងកន្ទុយរ៉ឺម៉កដឹកគ្រឿងបន្លាស់រថយន្ត ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកដីម៉ាក នីសាន់ ពណ៌ក្រហម លាយផ្កាឈូក ពាក់ស្លាកលេខចង្កូតស្ដាំ PP-0783 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ បានបើកឆ្លងផ្លូវពីលិចទៅកើត ទើបម៉ូតូសណ្ដោងរ៉ឺម៉ក ជាន់ហ្វ្រាំងមិនទាន់ ក៏ទៅបុកចំកង់ក្រោយខាងស្ដាំរថយន្ តបណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែងនាំយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកទៅកាន់មន្ទីរពេទ្យ៕
មតិយោបល់