(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដួលនៅពេលកំពុងជិះកង់កម្សាន្ត នៅឯសួនច្បារមួយកន្លែងស្ថិតក្បែរគេហដ្ឋានរបស់លោក ក្នុងរដ្ឋ ដេឡាវែរ (Delaware) កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) តែមិនបានរងរបួសអ្វីនោះទេ។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយសេតវិមាន បានបង្ហាញថាលោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានក្រោកឈរឡើងភ្លាមៗ ក្រោយដួលកង់ ហើយលោកបាននិយាយថា «ខ្ញុំមិនមានរបួសអ្វីទេ»។ លោក បៃដិន បានជិះកង់កម្សាន្តជាមួយភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន (Jill Biden) នៅឯសួនច្បារមួយកន្លែងក្បែរគេហដ្ឋានរបស់លោកក្នុងទីក្រុង រីហូតបូត ប៊ីស (Rehoboth Beach) នៃរដ្ឋ Delaware និងបានដួលនៅពេលដែលលោក មិនអាចទប់លំនឹងកង់បាន។ ប៉ុន្តែ ខាងសេតវិមានបានបញ្ជាក់ថា លោក បៃដិន មិនបានរងរបួសអ្វីទេ ហើយក៏មិនចាំបាច់ត្រូវធ្វើតេស្ដ ឬឆ្លងកាត់ត្រួតពិនិត្យ សុខភាពអ្វីនោះដែរ។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ភ្លាមៗក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បានរងរបួសគ្រេចកជើងដែរ នៅពេល កំពុងលេងជាមួយសត្វឆ្កែរបស់លោក៕
ប្រភព៖ Reuters
មតិយោបល់