ព័ត៌មានជាតិ

ចាប់បានហើយ! ឃាតកដែលវាយសម្លាប់បុរសជនជាតិម៉ាឡេស៊ី នៅក្រុងបាវិត!..

ស្វាយរៀង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ នៅចំណុចភោជនីយដ្ឋានស៊ីឡាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ត្រីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀម ឆៃដែន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅក្នុងបន្ទប់បុគ្គលិកាស៊ីណូ ហ្គោដឡាក់ ស្ថិតក្នុងបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ខាសេន ស៊ិនគាសេង (CARSEN TION KAI SENG) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្រុកកំណើតនៅក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាព ថាមូលហេតុដែលនាំឲ្យមានឃាតកម្មនេះឡើងគឺដោយសារទំនាស់គ្នាដណ្តើមកន្លែងដេក។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់