កណ្តាលៈ នៅវេលាម៉ោង៧និង ៣០នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ជាមនុស្សប្រុស និងរបួសធ្ងន់២នាក់ក្នុងនោះមានស្រីម្នាក់ ព្រមទាំងខូចខាតម៉ូតូ២គ្រឿងធ្ងន់ធ្ងរ នៅចំណុចផ្លូវលេខ១១០ ភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ករណីនេះកើតឡើងរវាងម៉ូតូម៉ាកសង់កូរ៉េ(CT-100) ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1X-6492 បើកបរដោយ ឈ្មោះ តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម (មិនពាក់មួក) មានទីនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល(របួសធ្ងន់) បើកបរទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-5769 បើកបរដោយឈ្មោះ សួន សារិត ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់) មុខរបរ កម្មករ (មិនពាក់មួក) រួមដំណើរជាមួយប្រពន្ធឈ្មោះ សែម ចរិយា ភេទស្រី អាយុ២៧ឆ្នាំ(របួសធ្ងន់) មុខរបរកម្មករ(មិនពាក់មួក) មានទីលំនៅនៅភូមិជ្រោយឬស្សី ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលបើកបញ្ច្រាសទិសគ្នាពីជើងមកត្បូង បណ្ដាលឲ្យស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់២នាក់ ក្នុងនោះមានស្រីម្នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករងរបួសត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅភ្នំពេញ។ ចំណែកវត្ថុតាងទាំង២បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់