ព័ត៌មានអន្តរជាតិ

ប្រធាន UN ៖ តំបន់ហ្គាហ្សា នៅតែស្ថិតលើគែមនៃសង្គ្រាម

UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តេញ៉ូ ហ្គូទែរ៉េស បានព្រមានថា ការកើនឡើងដ៏ធ្ងន់ធ្ងរបំផុត នៃអំពើហឹង្សានៅហ្គាហ្សាស្ទ្រីប បានធ្វើឲ្យតំបន់មួយនេះ កំពុងស្ថិតនៅលើគែមនៃសង្គ្រាម ដោយលោកបានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវតែគោរពតាមបទឈប់បាញ់គ្នា កាលពីឆ្នាំ ២០១៤ ទ្បើងវិញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍មួយ ដែលទទួលបានដោយភ្នាក់ងារព័ត៌មាន លោក ហ្គូទែរ៉េស មានការស្លុតចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការប្រើប្រាស់កាំភ្លើងជាបន្តបន្ទាប់របស់អ៊ីស្រាអែល បង្ក្រាបទៅលើក្រុមបាតុកម្មប៉ាទ្បេស្ទីន តាមតំបន់ព្រំដែនហ្គាហ្សា ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែមីនាកន្លងមក។

ដោយលោកបាននិយាយថា «មុននឹងប្រើជម្រើសយោធា ត្រូវតែមានការទទួលខុសត្រូវ ក្នុងការអនុវត្តភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីជៀសវាងជម្លោះហិង្សា លើកលែងតែជាដំណោះស្រាយចុងក្រោយប៉ុណ្ណោះ»។

សូមជំរាបថា របាយការណ៍ខាងលើ ត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សា កាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារស្តីពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

មតិយោបល់