បន្ទាយមានជ័យៈ កាលពីវេលាម៉ោង២និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង បណ្ដាលឲ្យមនុស្សជាច្រើននាក់របួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចត្រង់ មុខក្លោងទ្វារ ផ្លូវចូលវត្ត កូបតូច ស្ថិតក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ មានរថយន្តធុនធំ១គ្រឿង ម៉ាក ហ្វុយសូ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2149 បើកបរដោយឈ្មោះ ជី កូរ៉េ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរ ក្នុងគោលដៅ ពីកើតទៅលិច។ លុះបើកបរដល់ចំណុចកើតហេតុ បានឡើងជែង គោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉ក១គ្រឿងមានដឹកគ្រែ បើកក្នុងទិសដៅស្របគ្នា លុះជែងបានបន្តិច បានជ្រុលចង្កូតទៅបុក ម៉ូតូកង់បី១គ្រឿង និង ម៉ូតូកំពុងធ្វើដំណើរ១គ្រឿង ផ្សេងទៀត។ ហើយបានជ្រុលល្បឿន ទៅបុកតូបលក់អីវ៉ាន់ នៅលើជាយផ្លូវ ខាងត្បូងផ្លូវជាតិ មិនតែប៉ុណ្ណោះ រថយន្ត ក៏បានរេចង្កូត ទៅបុកគោយន្តកន្ត្រៃដឹកគ្រឿងបន្ថែមទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ លឹម គា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យ ដឹកយកទៅមន្ទីរពេទ្យដីថ្មីឯក្រុងប៉ោយប៉ែត ជាម្ចាស់ម៉ូតូកង់បី។ ឈ្មោះ គាត លីឃ័ង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសស្រាល អ្នកបើកបរគោយន្តកន្ត្រៃ ។ ហើយ ឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសស្រាល និងអ្នករួមដំណើរ លើគោយន្តកន្ត្រៃ ,ឈ្មោះ តោ ឡាយ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសស្រាល ម្ចាស់ម៉ូតូហុងដាឌ្រីម,ឈ្មោះ ថន រតនា ភេទប្រុស អាយុ ១៨ខែ រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសស្រាល រួមដំណើរលើម៉ូតូហុងដាឌ្រីម ។ រីឯចំណែកម៉ូតូ, ម៉ូតូកង់បី, គោយន្តកន្រ្តៃ និង រថយន្តធុនធំ ខូចខាតធ្ងន់ កំពុងរៀបចំស្ទូចទៅរក្សាទុក នៅប៉ុស្តិ៍និមិត្ត ដើម្បីរង់ចាំដោះស្រាយបន្តរ តាមនិតិវិធីច្បាប់ នៅពេលក្រោយ។
យោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងផងដែរថា ឈ្មោះ លឹម គា បានស្លាប់ទៅហើយខណៈដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។
មតិយោបល់