ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនCamel Cementបុកបង្កាន់ស្ពានព្រែកក្តាម ប្លោងបុរស២នាក់ធ្លាក់លើស្ពានរងរបួសធ្ងន់!..

កណ្តាលៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មាករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តបុកបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម បណ្តាលឲ្យប្លោងអ្នកបើកបរនិងអ្នករួមដំណើរធ្លាក់ពីលើស្ពាន បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

រថយន្តខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3B-4725 រ៉ឺម៉ក គ្មានស្លាកលេខ របស់ក្រុមហ៊ុនCamel Cement អ្នកបើកបរឈ្មោះ ហ៊ុយ គីមហូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងអ្នករួមដំណើរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ជនរងទាំង២នាក់ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់