ភ្នំពេញៈ អ្នកច្បាប់ បានអះអាងថា សារជេរប្រមាថ និងបរិហារយ៉ាងចាស់ដៃរបស់អ្នកនាង ម៉េង កែវពេជ្ជតា គឺអាចជាប់ក្នុងបណ្ដឹងបានយ៉ាងស្រួល។ សម្ដីដែលអ្នកនាងបង្ហោះឡើង ត្រូវអ្នកច្បាប់បញ្ជាក់ថា អាចត្រូវចោទប្រកាន់ពីបទប្រមាថ និងបរិហារកេរ្តិ៍ ដែលច្បាប់ ត្រូវហាមឃាត់ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ។
ប្រធានអង្គការជំនួយផ្នែកច្បាប់ លោកមេធាវី សុខ សំអឿន បានឲ្យដឹងថា មិនថា តារាសិល្បៈ ឬមិនមែនអ្នកសិល្បៈនោះទេ សុទ្ធតែអាចប្រតិកម្ម នូវអ្វីដែលអ្នកសារព័ត៌មានសរសេរខុសទាំងអស់។ ប៉ុន្តែប្រតិកម្ម មិនមែនជាការជេរប្រមាថ ដែលនាំឲ្យក្លាយការមាក់ងាយ និងបរិហារនាំឲ្យជាប់ពិរុទ្ធខ្លួនឯង នៅពេលគេប្ដឹងបកនោះទេ គឺត្រូវសរសេរជាលាយលក្ខណ៍អក្សរ ឬទាក់ទងដោយផ្ទាល់ ដើម្បីឲ្យមានការកែតម្រូវ។ លោកបន្តថា ក្នុងករណីមិនមានការកែសម្រួល សាមីខ្លួន អាចនឹងដាក់បណ្ដឹងទាមទារជំងឺចិត្ត ដោយករណីនោះ មិនមានជាប់គុកនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើតារាសិល្បៈ ឬអ្នកដែលត្រូវស្ថាប័នគេចុះផ្សាយ មិនទាន់សុំឲ្យមានការសម្រួល ហើយបែរជាជេរប្រមាថជាលក្ខណៈសាធារណៈ បង្កឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នរបស់គេ និងសាមីខ្លួនរបស់អ្នកសរសរវិញ នោះក៏ត្រូវប្រឈមផ្លូវច្បាប់ពីបទប្រមាថ និងបរិហារកេរ្តិ៍ដូចគ្នា។
លោក សុខ សំអឿន បានបញ្ជាក់យ៉ាងដូច្នេះ «បើយើងគ្រាន់តែរិះគន់ធម្មតាៗ វាអត់មានអីទេ ប៉ុន្តែបើជាការជេរប្រមាថ មាក់ងាយ ធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់គេ ហើយបញ្ចេញឈ្មោះស្ថាប័នគេ ឬបុគ្គលណាម្នាក់ ដោយចំៗផង គឺគេអាចប្ដឹងបាន! ព្រោះតាមច្បាប់រាល់ការបង្ហោះ ឲ្យតែមានលក្ខណៈជាសាធារណៈ ដែលមានមនុស្សចាប់ពីរាប់រយនាក់មើលឃើញ គឺចូលក្នុងច្បាប់សម្រាប់ដាក់បណ្ដឹងហើយ បើនៅស្រុកគេត្រឹមតែ២០០នាក់(អ្នកឃើញ អ្នកឮ) គឺចូលហើយ!»។
តែទោះយ៉ាងណា លោក សុខ សំអឿន ថា ករណីដែលលោកលើកឡើង មិនឈានដល់បញ្ហាជាប់គុកជាប់ច្រវ៉ាក់នោះទេ ដោយគ្រាន់តែជាការទាមទារសំណងតាមការទាមទាររបស់ដើមបណ្ដឹង និងអាស្រ័យទៅតាមទំហំ នៃការខាតបង់កិត្តិយសប៉ុណ្ណោះ។ លោកថា «រាល់ការបង្ហោះដែលមានអត្ថន័យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ស្ថាប័នមួយ ឬដល់បុគ្គលណាមួយ វាចូលក្នុងបទប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈហើយ ចឹងទើបការបង្ហោះស្អីៗ នៅតាមហ្វេសប៊ុក គឺយើងត្រូវតែប្រយ័ត្ន!»។ លោកក៏បានអះអាងដែរថា បណ្ដាញហ្វេសប៊ុក ត្រូវបានចាត់ចូលជាប្រព័ន្ធផ្សព្វផ្សាយ ដែលមានលក្ខណៈជាសាធារណៈដូចគ្នា ឲ្យតែគណនីហ្វេសប៊ុកនោះ មានមិត្ត (Friend) ឬមានអ្នកចូលចិត្ត (Like) ចាប់ពីរាប់រយរាប់ពាន់នាក់ឡើងទៅ។ ដូច្នេះ រាល់ការជេរប្រមាថ គឺមិនគួរនឹងប្រើជាសាធារណៈនៅតាមបណ្ដាញនេះទេ ជាពិសេសចំពោះសំណេរដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គលណាមួយ។
ពាក់ព័ន្ធនឹងបញ្ហានេះ Post News នៅមិនទាន់ពិចារណារឿងផ្លូវច្បាប់លើករណីនេះទេ ដោយរង់ចាំមើលប្រតិកម្មបន្ថែមទៀតរបស់អ្នកនាង ម៉េង កែវពេជ្ជតា។ តំណាង Post News បានបញ្ជាក់ថា ស្ថាប័នរីករាយកែតម្រូវព័ត៌មាន បើមានសំណើសុំពីសាមីពាក់ព័ន្ធ ដើម្បីជាការទទួលខុសត្រូវ និងក្នុងន័យសុំទោស ប៉ុន្តែក្រោយការបង្ហោះសំណេរជេរប្រមាថ និងបរិហារកេរ្តិ៍ ជាសាធារណៈធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថាប័ន Post News និងភ្នាក់ងាររបស់ស្ថាប័ន អ្នកនាងត្រូវធ្វើការទទួលខុសត្រូវ និងត្រូវធ្វើការសុំទោសជាសាធារណៈដូចគ្នា។
គួរបញ្ជាក់ផងដែរថា រឿងរ៉ាវដែលបានកើតឡើង គឺបន្ទាប់ពី Post News បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ម៉េង កែវពេជ្ជតា រលឹករឿងអាស្រូវអតីតស្វាមី» នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយដកស្រង់សម្ដីរៀបរាប់ពីការតស៊ូរបស់អ្នកនាង ក្នុងពេលបែកបាក់ស្វាមី ដែលអ្នកនាងបានថ្លែង កាលពីថ្ងៃទី១៩ ខែមិថុនា ក្នុងពិធីប្រគំតន្ត្រីជួយល្ខោនខោល ហើយនៅវេលាម៉ោង៩៖១៦នាទី យប់ថ្ងៃដដែល អ្នកនាង ក៏បានបង្ហោះសារវាយប្រហារ និងបានជេរប្រមាថយ៉ាងចាស់ដៃ ដែលមានភ្ជាប់ដំណរ(Link)របស់អត្ថបទព័ត៌មាននេះឡើង ដោយមិនបានស្នើសុំឲ្យមានការកែតម្រូវ៕
មតិយោបល់