ភ្នំពេញៈ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនស្ត្រីម្នាក់ និងគ្រឿងញៀនជិត១គីឡូក្រាម ទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមសមត្ថកិច្ច ស្ត្រីជាជនសង្ស័យ មានឈ្មោះ ណៃ ផារី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ ថៅកែបោះដុំគ្រឿងញៀន ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវលេខ៣បេតេ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីជាជនសង្ស័យត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារង អម សាលាដំបូងរាជធានី ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់យីហោ ណា រ៉ាវី សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១១កញ្ចប់ធំ មានទម្ងន់ ៧៣៦.២៦ ក្រាម និង ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀន លក់ដុំ និងរាយ ចំនួន១គ្រឿង៕
មតិយោបល់