កណ្តាលៈ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា ថ្ងៃ ព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច នព្វស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា គ.ស ២០១៨ វេលាម៉ោង៦ល្ងាច មានករណីប្រទះឃើញបុរសចំណាស់ម្នាក់អត្តឃាតចងកសម្លាប់ខ្លួនផ្ទះរបស់ខ្លួន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សៀក សារុំ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាកនៅភូមិកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ប្អូនថ្លៃឈ្មោះ សុខ ឡុង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ គាត់នឹងកូនប្រុសឈ្មោះ សុខ ចន្ទ័ដារិទ្ធ ឮសម្លេងផ្ទះលាន់ក្តាំងហើយគាត់២នាក់កូន ក៏ចេញបើកទ្វាររបងផ្ទះមិនឃើញមានអ្វីប្លែកក៏នាំគ្នាចូលផ្ទះដេកវិញទៅ។ លុះព្រឹកឡើងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក ប្អូនថ្លៃជនរងគ្រោះ នឹងក្រុមគ្រួសារបានចេញពីផ្ទះទៅប្រកបមុខរបររៀងៗខ្លួន រហូតដល់ម៉ោងកើតហេតុ ក៏ត្រឡប់មកផ្ទះវិញចូលទៅផ្ទះបាយមិនឃើញជនរងគ្រោះមកហូបបាយដែលគ្របទុកឲ្យតាំងពីព្រឹក ទើបមានការសង្ស័យ ប្អូនថ្លៃជនរងគ្រោះនឹងកូនប្រុសក៏ទៅបើកទ្វារបន្ទប់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខទៅនិងកៅអីឈើ ពេលនោះបានលូកដៃទៅស្ទាបជើងជនរងគ្រោះ មានសភាពរឹង ដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ស្រែកហៅបងស្រីបង្កើតជួយ និងជូនដំណឹងទៅប្រធានភូមិ ក៏បានរាយការណ៍ជូនសមត្តកិច្ចចុះធ្វើការពិនិត្យ។
តាមការពិនិត្យរបស់សមត្ថកិច្ច ជំនាញបច្ចេកទេសខេត្តកណ្តាលនិងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ លោកគ្រូពេទ្យ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារ អត្តឃាតចងកពិតប្រាកដមែន ដោយមិនបានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ ដោយមានខ្សែអង្រឹងរុំ.ក២ជុំ ដែលចងក ទៅនិងបង្អួច។ ជនរងគ្រោះមានសរសេរលិខិតបណ្តាំទុក ពេលធ្វើអត្តឃាត។
ការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់