ប្រពន្ធសុំលែងបាន០៦ថ្ងៃប្តីតូចចិត្ត ជិះកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

ភ្នំពេញ: បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ខូចចិត្តមកលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីប្រពន្ធសុំលែងជាច្រើនដង ខ្លួនក៏ព្រមលែង លុះលែងបាន៦ថ្ងៃ សុំត្រូវគ្នាវិញ តែប្រពន្ធមិនព្រមក៏សម្រេចចិត្តធ្វើបែបនេះតែម្តង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពាន ជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ សូរ គឿ អាយុ៣២ឆ្នាំ មុខរបររត់កង់បី មានស្រកកំណើតក្នុងខេត្តកំពង់ធំ មានប្រពន្ធនៅខេត្តព្រៃវែងជាកម្មការិនី រោងចក្រ អ្នកទាំងពីរមានកូនប្រុសស្រីចំនួន០២នាក់នៅក្នុងបន្ទុក ស្នាក់នៅម្តុំកាណាឌីយ៉ាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុលោតទឹកនេះ បុរសរងគ្រោះខាងលើ បានព្យាយាមសម្លាប់ ខ្លួនចំនួន២ដងរួចមកហើយ ដោយលើកទី១ព្យាយាមចងកសម្លាប់ខ្លួន លើកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួននិងលើកទី៣បានជិះកង់បី ឥណ្ឌារបស់ខ្លួន ដែលទិញបង់រំលស់មិនទាន់រួចផងនោះ មកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អការ ធ្វើអត្តឃាតទាំងបីលើក មិនបានសម្រេចនោះទេ ។

តាមប្រភពបន្តថាបុរសខាងលើ ត្រូវបានអតីតប្រពន្ធសុំលែងជាច្រើនដង រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខ្លួនក៏ព្រមលែងលះ ប្រពន្ធ ដោយកូនប្រុសស្រី២នាក់ ប្រពន្ធជាអ្នកយកទៅចិញ្ចឹម ខ្លួនទទួលបានកង់បីបង់រំលស់ ហើយដល់ថ្ងៃទី២៩ ខែឆ្នាំដដែលដោយ សារចិត្តមិនដាច់ពីអតីតប្រពន្ធរបស់ខ្លួន ក៏សុំត្រូវរ៉ូវគ្នាវិញតែអតីតប្រពន្ធមិនព្រមនោះទេ ។ លុះរហូតដល់ថ្ងៃកើតហេតុ វេលាម៉ោង ខាងលើ ជនងគ្រោះក៏បានជិះម៉ូតូកង់បីឥណ្ឌាដោយខ្លួនឯង ចេញពីម្តុំបឹងកេងកង មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែម្តង តែសំណាងល្អបងប្អូនខ្មែរចាមនេសាទត្រី នៅក្បែរនោះឃើញទាន់ ក៏ចេញទូកទៅជួយ ស្រង់ពីទឹកបានទាន់ពេលមិនបណ្តាលឱ្យ បុរសនោះបាត់បង់ជីវិតឡើយ ។

ក្រោយពីកើតហេតុ សមត្ថកិច្ច ប្រចាំគោលដៅទី៣ ក្រោមស្ពានជ្រោយចង្វាហៅទៅសួនាំ និងអប់រំរួចឱ្យបុរសខាងលើត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់