ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ ប៉ើងដូចសំឡីក្រឡាក់ផ្ងារជើងម្ខាង

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុករឺម៉កម៉ូតូកង់បីពីក្រោយប៉ើងជាង១០ម៉ែត្រ ខ្ទាតទៅលើចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងម៉ាស្សារអ័រគីដេ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AL-7863 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកវីស្តូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6313 បើកបរដោយបុរសស្រវឹងស្រាជោក ម្នាក់បើកមកពីក្រោយស្របទិសដៅគ្នាបុកពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើងប្រមាណជា១០ម៉ែត្រ ខ្ទាតទៅលើចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងម្ខាងសំណាងល្អម្ចាស់រងរបួសស្រាល។ ចំណែករ៉ឺម៉កម៉ូតូកង់បីរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្កខូចខាតផ្នែកខាងមុចតិចតួច។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់