ក្រោយពីសម្រេចចិត្តបញ្ចប់អាជីព ជាមួយក្រុមសេះបង្កង់ Juventus អ្នកចាំទីដៃស្អិត Gianluigi Buffon នៅមិនទាន់ព្យួរស្រោមដៃទុកទាំងស្រុងឡើយដោយសម្រេចចិត្តបន្តអាជីព ក្នុងកម្រិតខ្ពស់ជាមួយក្រុមជើងឯកបារាំង ជាបន្តទៀត។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Italian Football News បានឲ្យដឹងថា Gianluigi Buffon កំពុងតែត្រៀមពិនិត្យសុខភាព ដើម្បីចុះកុងត្រារយៈពេល២ឆ្នាំ ជាមួយក្រុម Paris Saint Germain ។ ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមទៀតថា មុននឹងឈានដល់ការចុះកុងត្រានេះដែរ Buffon កំពុងតែស្វះស្វែង ក្នុងការរកទិញផ្ទះ នៅតំបន់ក្បែរទីក្រុង ប៉ារីស ផងដែរ។
ជាការពិតណាស់ ការសម្រេចចិត្ត មកចូលរួមជាមួយក្រុម Paris Saint Germain នេះដែរ ត្រូវបានគេទម្លាយឲ្យដឹងថា ក្លិបបារាំងមួយនេះ នឹងមិនចំណាយលើតម្លៃខ្លួនឡើយ ព្រោះថា ព្រោះថា Buffon បានយល់ព្រមមកលេងឲ្យ Paris Saint Germain ដោយគ្មានតម្លៃខ្លួនឡើយ ក្រោយពីកុងត្រារបស់អ្នកចាំទីវ័យចំណាស់រូបនេះ ត្រូវចប់ជាមួយ Juventus ។
ដូច្នេះហើយ រដូវកាលក្រោយនេះ អ្នកចាំទីដៃស្អិត អ៊ីតាលី Gianluigi Buffon នឹងត្រូវបង្ហាញខ្លួន ជាមួយក្រុម Paris Saint Germain ខណៈការព្យួរស្រោមដៃ ត្រូវពន្យារយៈពេល ២ឆ្នាំទៅមុខទៀត។



មតិយោបល់