ភ្នំពេញៈ បុរសម្នាក់ដែលជាកម្មករលើកគ្រឿងសំណង់បានផឹកស្រាស្រវឹងរួចមកវាយប្រពន្ធកូន បណ្តាលឲ្យរងរបួស។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ស.ស.ភ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនបង្កជាប្តីឈ្មោះ ហូ ចែមផូ អាយុ២៦ឆ្នាំ មុខរបរកម្មករលើកគ្រឿងសំណង់ ស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើតនៅខេត្តតាកែវ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់គាត់ទើបមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិពេលមកដល់ផ្ទះបានទៅផឹកស៊ីជាមួយអ្នកជិតខាងម្តងទៀត បណ្តាលឲ្យកាន់តែស្រវឹងខ្លាំង លុះមកដល់ផ្ទះបានវាយបំផ្លាញរបស់របរនៅក្នុងផ្ទះដូចជាឆ្នាំង ចាន បានបោកកម្ទេចចោលធ្វើឲ្យគាត់ជាប្រពន្ធខឹងប្តីរបស់ខ្លួនដែរ តែមិនហ៊ានដោយសារតែប្តីស្រវឹងឲ្យប្តីចូលដេក ពេលចូលដេកបានបន្តិចបានចេញទៅក្រៅឈ្លោះជាមួយអ្នកជិតខាង ហើយបានឡើងមកម្តងទៀត។ ស្រាប់តែប្តីយកខ្សែភ្លើងដែលបត់ជាច្រើនកំណាត់ទៅវាយប្រពន្ធដែលកំពុងដេក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់នៅក្នុងបន្ទប់ជួល និងបណ្តាលឲ្យវាយចំកូនប្រុសអាយុ៤ឆ្នាំ បែកក្បាលឈាមស្រោចពេញខ្លួន និង២នាក់ទៀតរបួសស្រាល ។
ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់ថា គ្រួសាររបស់នាងបានរៀបការត្រឹមត្រូវរយៈពេលជាង៨ឆ្នាំមកហើយបានកូនចំនួន៣នាក់ ស្រី២ ប្រុស១ កូនបងស្រីអាយុ៨ឆ្នាំ និងកូនពៅអាយុ៣ឆ្នាំ កូនបន្ទាប់ជាកូនប្រុសអាយុ៤ឆ្នាំ ហើយប្តីនាងតែងធ្វើបាបរូបនាងរងរបួសធ្ងន់៣លើកមកហើយ តែមិនដែលប្តឹងសមត្ថកិច្ចឡើយទើបតែថ្ងៃនឹងទើបដាច់ចិត្តប្តឹង តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានដាក់ពាក្យបណ្តឹង និងឲ្យសមត្ថកិច្ចឃាត់ជនបង្កហេតុមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់