ព័ត៌មានជាតិ

Update៖ រថយន្តឡិចស៊ីសRX300 ពន្លះម៉ូតូ បេលី របួសធ្ងន់ម្នាក់នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ: នៅវេលាម៉ោង៤និង២០នាទី ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងស្ពាន៦០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សប្រុសម្នាក់ របួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា។

ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9043 បើកបរដោយឈ្មោះ ជេត កញ្ញានី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ និស្សិត មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបត់បុកម៉ូតូមួយគ្រឿងម៉ាកហុងដាបេលី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1O-4579 បើកបរដោយឈ្មោះ ហាក់ សាមុយអែល ភេទប្រុស មុខរបរគ្រូបង្រៀន មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា។

មុនពេលកើតហេតុ ភាគីរថយន្ដបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងត្រឡប់ក្រោយ បណ្តាលឲ្យម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាមកបុកចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងក៏បោកដួលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត រថយន្តនិងម៉ូតូ ប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់