កាលពីរសៀលថ្ងៃទី២៧ មិថុនា ពិធីការិនីកញ្ញា ឌួង ហ្សូរីដា បានដឹកនាំប្អូនស្រី មិត្តភក្តិ និងសប្បុរសជន ជាច្រើននាក់យកអំណោយទៅចែកដល់គ្រួសារអ្នកជំងឺ និងអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្រាន់តែចំណែករបស់នាងគឺចំនួន៥លានរៀល ដោយមិនទាន់រាប់បញ្ចូលអំណោយយកទៅចែកចាយដោយផ្ទាល់ផង។ យ៉ាងណាមិញ ថវិកាដែលនាងបានយកទៅប្រគល់នោះ ត្រូវបាននាងថ្លែងប្រាប់ពីប្រភពក្នុងការស្វះស្វែងយ៉ាងលំបាក ខណៈដែលនាងត្រូវចំណាយពេលដល់២ពេញទើបទទួលបាន។
ឌួង ហ្សូរីដា បានថ្លែងក្នុងពិធីប្រគល់ថវិកា និងចែកអំណោយនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានោះថា នេះជាថវិកាលើកដំបូងដែលនាងទទួលបានពីគម្រោង Proud To Be Cambodia របស់មុទិតា តាមរយៈការប្រកាសលក់កាបូប និងអាវយឺតជាដើម ដោយសម្ភារៈដែលបានប្រកាសលក់ទាំងនោះ គឺនាងវ៉ៃម៉ាក Proud To Be Cambodia ដែលមានន័យថាមោទនភាពកម្ពុជានៅពីលើ ហើយលក់យកតែថ្លៃដើម ដោយទុកថ្លៃចំណេញយកមកប្រគល់អោយមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ នាងថាខ្លួនលក់កាបូប និងអាវយឺតនោះតែរយៈពេល២ខែប៉ុណ្ណោះ ក៏ទទួលបានប្រាក់ចំណេញ៥លានរៀល ខណៈដែលការលក់បានទាំងនោះ ក៏មិនសូវបានលក់នោះដែរ ដោយសារតែនាងរវល់ពេល។ នាងថាខ្លួនមមាញឹកនឹងការងារ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណេញយកជួយគន្ធបុប្ផា កញ្ញាសុខចិត្តLive លក់កាបូប និងអាវយឺត ទាំងយប់ ដោយសារតែសម្ភារៈទាំងនោះ លុះត្រាតែនាងLive លក់តាមហ្វេសប៊ុក ទើបមានអ្នកជួយទិញ ដែលភាគច្រើនគឺអ្នកទិញប្រើចង់រួមចំណែកជួយគន្ធបុប្ផាតែម្ដង។
នាងមានគម្រោងយកផលចំណេញពីការលក់ចេញផលិតផលទាំងនេះ តែមួយរយៈប៉ុណ្ណោះ ប៉ុន្តែនៅពេលសំឡឹងឃើញថាសន្ទុះចង់ជួយសង្គមពីសំណាក់អតិថិជនមានការតែច្រើន ទើបនាងប្រកាសថានឹងបន្តលក់យកផលចំណេញបែបនេះ១០០ភាគរយ ទុកសម្រាប់ជួយសង្គមទៀត បើទោះជាលើកក្រោយមិនទាន់ដឹងថាសម្រាប់ថវិកាប្រមូលបានលើកក្រោយត្រូវប្រគល់ជូនគន្ធបុប្ផាដដែល ឬទៅអោយមជ្ឈមណ្ឌលកុមារកំព្រាមួយណា។
កញ្ញា ឌួង ហ្សូរីដា និយាយថា ថវិកាដែលបានប្រគល់ជូននៅក្នុងថ្ងៃនោះ សម្រាប់នាងមានតែ៥លានរៀលប៉ុណ្ណោះដែលបានពីការប្រឹងលក់ផលិតផល Proud To Be Cambodia ប៉ុន្តែនៅក្នុងថ្ងៃនោះ ក៏មានមិត្តភ័ក្រ្តរបស់នាងមិនតិចនាក់ផ្សេងទៀត បរិច្ចាគដបទឹក និងសារ៉ុង និងថវិកាបន្ថែមពីលើនាង សរុបចំនួន១១លានរៀល និង580 ដុល្លារ។ កញ្ញាថា នេះជាការប្រឹងប្រឹងរបស់នាងក្នុងនាមជាម្ចាស់ហាងមុទិតា និងក្រុមហ៊ុន Mudhita Cosmic Co.LTD ដើម្បីអោយមន្ទីរពេទ្យគន្ធបុប្ផាទទួលបានជំនួយសប្បុរសធម៌ និងដើម្បីអោយឪពុកម្ដាយកុមារទទួលបានសារ៉ុង និងដបទឹកទុកសម្រួលតម្រូវការ។ កញ្ញារំពឹងថាគម្រោង Proud To Be Cambodia នឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនដើម្បីជាប្រយោជន៍ដល់សង្គម៕





























មតិយោបល់