ភ្នំពេញ៖ បើទោះបីជាចំណេញ ឬខាត ក្រោយដាក់បញ្ជាំងរឿង “ព្រលឹង៧ថ្ងៃ” ដែលហៀបនឹងវាយលុកទីផ្សារខាងមុខ ផលិតកម្ម Rich Kids Media បានអះអាងថា នឹងផ្តល់ទឹកប្រាក់ ៥ ភាគរយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីចូលរួមចំណែកសម្រួលដល់ចំណុចខ្វះខាត ដែលមន្ទីរពេទ្យនេះ កំពុងជួបការលំបាក។
លោក ជូន សុវណ្ណវាសនា ម្ចាស់ភាគហ៊ុនផលិតកម្ម Rich Kids Media បាន ឲ្យអ្នកសារព័ត៌មានយើងដឹងថា “រឿងព្រលឹង៧ថ្ងៃ ជារឿងដែលនិយាយអំពីព្រលឹងមនុស្សក្រោយស្លាប់ ៧ថ្ងៃ និងជារឿងខ្មោចបែបកំប្លែង តែក៏បង្កប់ន័យអប់រំក្នុងសាច់រឿង ដោយសើចពីដើមរហូតដល់ចប់ ។ រឿនេះដែរ វានឹងវាយលុកទីផ្សារនាពេលខាងមុខ បើទោះបីចំណេញ ឬខាត ខាងផលិតកម្ម នឹងវិភាគទានដល់ មន្ទីរពេទ្យគន្ធបុប្ជា ៥ ភាគរយ ដើម្បីសម្រួលដល់សុខទុក្ខមន្ទីរពេទ្យនេះ ដែលកំពុងប្រឈមមុខយ៉ាងខ្លាំង ” ។
ក្រៅពីមន្ទីរពេទ្យនេះ លោកក៏សំឡឹងឃើញ ទុរគតជន និងមណ្ឌលកុមារកំព្រាមួយចំនួន ដែរ ដោយធ្វើទៅតាមលទ្ធភាពដែលមាន ដើម្បីរួមចំណែកជួយដល់ប្រជាជនខ្មែរដែលជួបការលំបាក នៅពេលបច្ចុប្បន្ននេះ ។
រំឭកសារជាថ្មីថា រឿង “ព្រលឹង៧ថ្ងៃ” មានតួល្បីចូលរួមសម្តែង ក្នុងនោះមាន លោក ទេព រិនដារ៉ូ នាងខ្ញុង កញ្ញា សុទ្ធ ពេញ បូរមី និងតួឯក កញ្ញា នី មុន្នីនាថ ដែលសរុបតួធំចំនួន ១៥ នាក់ និងតួ អាចក់អាចែម ជិត ១០០ នាក់ទៀត ។
បញ្ជាក់ផងដែរថា លោក ជូន សុវណ្ណវាសនា ជាមនុស្សម្នាក់ដែលតែងតែលាក់មុខ ដោយមិនចង់ល្បីល្បាញនោះទេ ដោយបច្ចុប្បន្ន ក្រៅពីម្ចាស់ភាគហ៊ុន ផលិតកម្ម Rich Kids Media លោកក៏ជាអ្នកជំនួញមួយរូបដ៏ល្បីល្បាញ ក្នុងរាជធានីភ្នំពេញផងដែរ ៕
មតិយោបល់