ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ បានធ្វើការស្នើឲ្យអាជ្ញាធរខណ្ឌទួលគោកពិសេសសមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថខណ្ឌ លុបបំបាត់ឲ្យខាងតែបាននូវការជួញដូរ ការចែកចាយគ្រឿងញៀននៅកន្លែងលក់ផ្លែឈើពេលយប់មួយកន្លែងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោយ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងខាងលើនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើសកម្មភាពស្របជាមួយនិងការលក់ផ្លែឈើពេលយប់ ដូច្នេះទេពួកគាត់សុំស្នើឲ្យសមត្ថកិច្ចធ្វើការលុបបំបាត់ឲ្យបាន។
ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ដោយបានអញ្ញើញជាអធិបតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោក លី ណារុណ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
លោក ឯក ឃុនឌឿន បានមានប្រសាសន៍លើកឡើងថា ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌខាងលើនេះមានប្រជាពលរដ្ឋលើកឡើងជាសំណួរ សំណូមពរ ផ្ទាល់មាត់ និងជាលាយលក្ខអក្សរចំនួន៣៨សំណួរ សំណូមពរ ដែលសំណួរ និងសំណូមពរទាំងនោះបានផ្តោតទៅលើការសុំឲ្យមានការស្តារលូ បញ្ហាប្រមូលសំរាមមិនទាន់បានល្អប្រសើរ និងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ។
លោកអភិបាលខណ្ឌបន្តថា ចំពោះរាល់សំណួរ សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទួលគោកនឹងជួយដោះស្រាយជូនពួកគាត់ភ្លាមៗ ពោល គឺបើថ្នាក់សង្កាត់ធ្វើបាន គឺឲ្យសង្កាត់ចុះធ្វើភ្លាម ហើយរឿងនោះខាងអាជ្ញាធរខណ្ឌអាចដោះស្រាយបានយើង នឹងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។ ប៉ុន្តែបើហួសពីសមត្ថភាពរបស់សង្កាត់និងខណ្ឌ ក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋានមិននៅស្ងៀមទេ គឺត្រូវធ្វើសំណើសុំទៅថ្នាក់រាជធានី និងថ្នាក់លើបន្តទៀត៕
មតិយោបល់