ព័ត៌មានជាតិ

លោកចៅក្រម ពេជ្រ វិជ្ជាធរ ដោះលែង លោកផ្កាយ១ ប៉ិច តុងហេង ដែលវាយកម្មករអេដចាយបែកក្បាលផ្អើលហ្វេសប៊ុក ពីគុកហើយ

ភ្នំពេញ: នេះបើការឲ្យដឹងពីមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ (PJ) លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ដែលកាំភ្លើងវាយកម្មករឃ្លាំងអេដចាយបែកក្បាល នៅខណ្ឌចម្ការមន បានចេញពីគុកជាបណ្តោះអាសន្នហើយ។

យោងតាមប្រភព លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យដោះលែងរបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨កន្លងទៅ បានចេញដីកាសម្រេចឲ្យឃុំខ្លួន លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ដែលកាំភ្លើងវាយកម្មករឃ្លាំងអេដចាយបែកក្បាល នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នសិនរង់ចាំ បន្តនីតិវិធីនាពេលក្រោយ។

លោក សៀង សុខ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា លោកបានសម្រេចចោទប្រកាន់ លើលោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ទីលំនៅផ្ទះ២២ដេ ផ្លូវ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ជាថៅកែខុនដូ ដែលវាយកម្មករឃ្លាំងអេដចាយ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លន កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ទោះជាយ៉ាងណា សមត្ថកិច្ច បានឲ្យដឹងថា សំណុំរឿង លោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ នេះសមត្ថកិច្ច បញ្ជូនខ្លួន និងសំណុំរឿងទៅតុលាការ ចំណែកអាវុធខ្លីដែលលោកឧត្តមសេនីយ៍ត្រី ប៉ិច​ តុងហេង​ ប្រើដើម្បីប្រព្រឹត្តបទល្មើសវាយក្បាលកម្មករអេដចាយនោះ គឺសមត្ថកិច្ច មិនបានដកហូត និងបញ្ជូនទៅតុលាការនោះទេ។

គួររំលឹកថា ជនត្រូវចោទ លោក ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បាន ប្រើអំពើហិង្សា ដោយយកកាំភ្លើងវាយ ក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ កម្មករឃ្លាំងអេដចាយ ដោយគ្រាន់ ព្រោះខឹងជនរងគ្រោះ មើលមុខរបស់ខ្លួន។

ករណីហិង្សានោះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអគារ ខុនដូ របស់ជនបង្ក មានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេឃើញជនត្រូវចោទ បានជិះរថយន្តស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 ដោយរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះមើលមុខជនសង្ស័យដែលនៅក្នុងរថយន្ត។

ពេលឃើញកម្មករ មើលមុខ បែបនោះ ជនសងស្ស័យ បានបើករថយន្ត ត្រឡប់មកវិញហើយ ក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី ទំនើបមួយដើម ទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។

យោងតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា សំណុំរឿងនេះ ជនត្រូវចោទ លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន ៤០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង ដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែង ជនសង្ស័យ មានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅគុក ប៉ុន្តែដោយសារតែរឿងនេះ ត្រូវបានមហាជន ជាពិសេសក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រិះគន់ខ្លាំងទើប លោកឧត្តមសេនីយ៍មានទ្រព្យស្តុកស្តមរូបនេះ ត្រូវបង្ខំចិត្តដេកគុកមួយរយ:សិន ព្រោះទង្វើខ្វះការពិចារណារបស់ខ្លួន៕

មតិយោបល់