ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងលោក ពូទីន នឹងជួបពិភាក្សាគ្នា នៅប្រទេសទីបី នាពាក់កណ្តាលខែកក្កដាខាងមុខ

រុស្ស៊ីៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា រដ្ឋាភិបាលក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាមួយ ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ រវាងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

លោក Ushakov បានបន្ថែមថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសទីបី ដែលមានភាពងាយស្រួលទៅវិញទៅមក ហើយថាត្រូវការពេលច្រើនសប្តាហ៍ទៀត ដើម្បីការរៀបចំវា។

ក្នុងនោះលោក Ushakov បានប្រាប់អ្នកយកព័ត៌មានថា៖ «កិច្ចប្រជុំនេះ ត្រូវបានគ្រោងទុកជាយូរមកហើយ ដែលវាពិតជាមានសារៈសំខាន់ណាស់ ចំពោះរុស្ស៊ី និងអាមេរិក ក៏ដូចជាស្ថានការណ៍អន្តរជាតិទាំងមូលផងដែរ»។

ដោយលោកបានបញ្ជាក់ទៀតថា ទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន នឹងប្រកាសពីពេលវេលា រួមទាំងកន្លែងនៃកិច្ចប្រជុំកំពូល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ការថ្លែងរបស់លោក Ushakov បានធ្វើទ្បើងបន្ទាប់ពីលោក ពូទីន បានជួបពិភាក្សាជាមួយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅវិមានក្រឹមឡាំង ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានរំពឹងទៅមុខថា កិច្ចប្រជុំរវាងលោក ពូទីន និងលោក ត្រាំ នឹងធ្វើទ្បើងនៅពាក់កណ្តាលខែកក្កដាខាងមុខ៕

មតិយោបល់