ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ ករណីវាយសម្លាប់នារីចងការប្រាក់ម្នាក់ ចាប់បានឃាតកហើយ!..

ភ្នំពេញ: នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលស្ទឹងមានជ័យ នាំខ្លួនជនសង្ស័យដែលជាឃាតកប្រុសស្រីចំនួន២នាក់ មកចង្អុលទីកន្លែងដែលពួកគេវាយសម្លាប់នារីរាប់លុយម្នាក់មកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៨ ។

យោងតាមចម្លើយសារភាពពីជនសង្ស័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនសង្ស័យបានតេហៅនារីរងគ្រោះឲ្យទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្ស័យដោយនឹកស្មានមិនដល់ថា ជនសង្ស័យរៀបចំគម្រោងវាយប្លន់សម្លាប់ ជនសង្ស័យមានគ្នា៣នាក់បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្ស័យ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ វាយសម្លាប់នារីរងគ្រោះប្លន់យកលុយ។ លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល ក្រុមជនសង្ស័យទាំង៤នាក់បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំបុ័ងដាក់ចូលរទេះយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជ័យនិងខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ ខ្នើយ សឹងអាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការប្រាក់ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ដោយមានការបាត់សមាជិកក្រុមគ្រួសាររយ:ពេល១០ថ្ងៃបងប្អូន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលព្រហ្មទណ្ឌក្រុងនិងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតកដែលជាជនសង្ស័យប្រុសស្រី២នាក់និង២នាក់ទៀត កំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
//youtu.be/UDEbHo17_C0

មតិយោបល់