ភ្នំពេញៈ បន្ទាប់ពីមានការប្រកាស របស់អគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងករណីជនខិលខូចដើរ ឆបោកទារប្រាក់ពីម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ទនៈរួចមក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចកាំកុងត្រូល បានសហការជាមួយម្ចាស់ ដេប៉ូប្រេងតេលា ឡូង ស៊ីដេត បានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកដើរឆបោកនោះហើយ។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវលេខ២៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ក្នុងការឃាត់ខ្លួននេះ មានការជួយជ្រោមជ្រែង ពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ជនសង្ស័យមានឈ្មោះ ចន ញ៉ា ភេទប្រុស ជិះរថយន្តម៉ាក High Lander ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2AO-2163 អះអាងថា ជាអ្នកបើករថយន្តឈ្នួលទទួលបញ្ជាពីសមត្ថកិច្ច មកឲ្យទារប្រាក់ពីម្ចាស់ដេប៉ូប្រេងឥន្ទនៈខាងលើនេះ។
ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំព័ត៌មាន និងបញ្ជូនឲ្យមន្រ្តីកងរាជអាវុធហត្ថ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់