ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ ៣ទៅតុលាការ ពាក់ព័ន្ធរឿងឃាតកម្ម

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យប្រុសស្រី ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរឿងឃាតកម្ម សម្លាប់ស្ត្រីម្នាក់ ច្រកកញ្ចេនំប៉័ង យកសពទៅបោះចោលក្នុងទឹកលូ។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់៖
-ទី១ឈ្មោះ អាត អឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង
-ទី២ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង
-និងទី៣ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ។

ក្រុមជនសង្ស័យស្នាក់នៅជាមួយគ្នា ក្នុងផ្ទះជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវ រកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធ ករណីឃាតកម្មលើជនរងគ្រោះឈ្មោះ ខ្នើយ សឹង ប្លន់យកសម្ភារ។

ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ឈ្មោះ ខ្នើយ ស្មឿង ជាបងប្រុសរបស់ជនរងគ្រោះ ដែលអះអាងថា ប្អូនស្រីខ្លួនបានបាត់ខ្លួនតាំងពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្មានមូលហេតុ ទើបសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវ រហូតទទួលបានដំណឹងថា មានពលរដ្ឋប្រទះឃើញ សាកសពស្ត្រីរងគ្រោះ ត្រូវគេច្រកក្នុងកញ្ចេនំប៉័ងយកទៅបោះចោលក្នុងលូទឹកស្អុយ តាមផ្លូវសឡា ក្បែរស្ថានីយ៍ប្រេងតេលា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយមកសមត្ថកិច្ច ក៏កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើ នៅចំណុចផ្ទះជួលរបស់ពួកគេ។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបាន សារភាពថា ពួកគេ ពិតជាបានរួមដៃគ្នាសម្លាប់នារីរងគ្រោះ ប្លន់យកសម្ភារ រួមមាន ៖
-ម៉ូតូម៉ាក ស្កុបពី ១គ្រឿង
-ទូរស័ព្ទ iPhone ២គ្រឿង
-ខ្សែក
-ក្រវិល
-នាឡិកា
-និងសម្ភារមួយចំនួនទៀត។

ក្រុមជនសង្ស័យ បញ្ជាក់ថា មូលហេតុដែល ពួកគេ បែកគំនិតប្លន់ សម្លាប់ជនរងគ្រោះ ព្រោះតែជនរងគ្រោះ បានចងការប្រាក់ ឲ្យជនសង្ស័យឈ្មោះ អាត អឿន ចំនួន ២០ម៉ឺនរៀល ដោយគ្មានប្រាក់សង និងមើលឃើញថា ជនរងគ្រោះមានសម្ភារ អាចប្លង់យកទៅលក់បាន ទើបពួកគេ ធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅពេលពួកគេ ណាត់ជនរងគ្រោះ ឲ្យមកយកលុយជំពាក់តែម្តងទៅ៕

មតិយោបល់