ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបុកនិងកិនបុរសចំណាស់ម្នាក់ ស្លាប់ក្នុងថ្លុកឈាម!..

ភ្នំពេញ: កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់ម្ចាស់ម៉ូតូនៅកន្លែងកើតហេតុ ចំណែកតៃកុងឡាននិងព្រូត្រូវបានឃាត់ខ្លួនបញ្ជូនមកសួនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃស។

សពជនរងគ្រោះមានឈ្មោះ សែ ផុន ភេទប្រុស អាយុ៧៥ឆ្នាំ(ស្លាប់) រស់នៅភូមិទួលរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កសិករ។ ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-7420។ ចំណែកតៃកុងឡានមានឈ្មោះ វ៉ន ប៊ុណ្ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងព្រូឡានមានឈ្មោះ វឿន វៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក រស់នៅភូមិគោភ្នៅ ឃុំបសែត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកជ្រែងរថយន្តកុងតឺន័រ រួចបុកម៉ូតូពីក្រោយពេលម៉ូតូបត់ឆ្លងផ្លូវបុកអូសប្រហែង៣០ម៉ែត្រទាំងម៉ូតូនិងម្ចាស់បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តងក្រោយមកទៀតត្រូវបានឃាត់ខ្លួនភ្លាមៗដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកតៃកុងរួមទាំងព្រូជាមួយរថយន្តរួមទាំងម៉ូតូត្រូវបានយកទៅសួនាំនិងរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់