ព្រះសីហនុៈ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្ត៣គ្រឿងបុកគ្នា ជ្រុលទៅម៉ូតូមួយគ្រឿងទៀត នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ មុខតំបន់រោងចក្រសេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថយន្តម៉ាក HYUNDAI ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) បើកបរទិសដៅចេញពីក្រុងព្រះសីហនុ បានបុកពីក្រោយរថយន្តដឹកកម្មករម៉ាក SSANGYONG ពណ៌ស្លែ ពាក់ស្លាកលេខ ព្រះសីហនុ2A-3624 បើកបរដោយឈ្មោះ ង៉ែត ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកកម្មករចំនួន ៣៥នាក់ បើកបរទិសដៅស្របគ្នា រួចបន្តទៅបុកប៉ះរថយន្តសណោ្តងរ៉ឺម៉កដឹកស៊ីទែនស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-6425 របស់ក្រុមហ៊ុន យ៉ុង វៃ បើកបរដោយឈ្មោះ អេង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ បើកបរទិសដៅផ្ទុយគ្នា ក្នុងនោះក៏បានប៉ះនឹងម៉ូតូមួយគ្រឿងទៀតដែរ។
ករណីនេះ បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលមនុស្សចំនួន៨នាក់(ស្រី៥នាក់) មានកម្មកររួមដំណើរលើរថយន្តSSANGYONG និងបុរសម្នាក់ អ្នករួមដំណើរលើរថយន្ត HYUNDAI បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ។ ចំណែកអ្នកបើកបររថយន្តម៉ាក HYUNDAI រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕
មតិយោបល់