ព័ត៌មានជាតិ

រន្ធត់ណាស់! ស្រ្តីម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែរថយន្តបុកស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៧-១៧៨ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំមួយគ្រឿងបុកប៉ះជាមួយម៉ូតូ ២គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ បានស្លាប់ និងបុរសស្ត្រី ២នាក់ទៀតរងរបួសធ្ងន់។

ដំណើររឿង៖ ម៉ូតូ ០១គ្រឿងម៉ាក DAELIM ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចិន អូវ ភេទប្រុស អាយុ ៧៤ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ បានឆ្លងផ្លូវពីកើតទៅលិច ស្របពេលមានរថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8681 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បើកបរដោយឈ្មោះ អ៊ុន ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ បានបុកម៉ូតូកំពុងឆ្លងផ្លូវនោះ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហន 1I-2435 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ម៉ាត់ ហ្វារីដេស ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ជិ រុំលះ ភេទស្រី អាយុ ៤៨ឆ្នាំ (របួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះអ្នកបើកបររថយន្ត នគរបាលបានឃាត់ខ្លួនបណ្តោះអាសន្ន នាំមកសាកសួរ និងវត្ថុតាងសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់