ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆាបឆេះសន្ធោសន្ធៅ នៅផ្លូវ២០០៤!..

ភ្នំពេញ: អគ្គិភ័យមួយកើតឡើង ផ្តើមចេញពីទុស្សេខ្សែភ្លើង បង្កឲ្យឆាបឆេះជាអណ្តាតភ្លើងសន្ធោសន្ធៅ លើបង្គោលភ្លើង តាមផ្លូវខ្សែកាប ខ្សែភ្លើងចម្រុះ ដាច់ធ្លាក់រប៉ាត់រប៉ាយ តាមផ្លូវមុខសណ្ឋាគារ បាលីរស៊ត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឲ្យផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចេញទៅជួយអន្តរាគមន៍ ខណ:ដែលព្រំប្រទល់ជាប់គ្នា កាលពីវេលាម៉ោង៤និង១៥នាទី រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានផ្សែងហុយ ចេញពីទូខ្សែភ្លើង បំពាក់លើបង្គោល ក្លិនឈ្ងៀម ហើយបង្កចេញជាអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅតែម្តង បងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ភ័យបារម្ភខ្លាចរាលដាលដល់លំនៅដ្ឋាន ហើយត្រូវបានសមត្ថកិច្ចខាងប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរ ពលរដ្ឋ អន្តរាគមន៍ រាយការណ៍ទៅ អគ្គិសនីកម្ពុជា បិទផ្តាច់ចរន្តភ្លើង និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ យកមកបាញ់ពន្លត់ភ្លើង ឲ្យរលត់ទៅវិញ ខណ:ដែលកើតហេតុ មានព្រំប្រទល់ជាប់គ្នា។

ករណីអគ្គិភ័យខាងលើ បង្កឲ្យ ខ្សែភ្លើងចម្រុះ ខ្សែកាប ត្រូវបានភ្លើងឆេះដាច់ រាប់រយសរសៃ កាត់ទទឹងផ្លូវ២០០៤ កាត់ផ្លូវ បេតុងអង្គតាមិញ រាយប៉ាយ ពេញផ្លូវទាំងអស់ បង្គោលភ្លើងមួយដើមត្រូវបាន ភ្លើងឆេះខ្សែដាច់ធ្លាក់ទាំងអស់ ។

ទោះជាយ៉ាងណាក្តី អគ្គិភ័យខាងលើ មិនបង្កឲ្យអ្នកណារងរបួសឡើយ គ្រាន់តែខ្សែភ្លើងរាប់រយសរសៃ ត្រូវបានភ្លើងឆេះដាច់ធ្លាក់ ហើយរលត់ទៅវិញ ដោយប្រើប្រាស់បំពង់បាញ់ពន្លត់អគ្គិភ័យ៕

មតិយោបល់