តាកែវ: យោងតាមផេក វិទ្យុគោកធ្លក បានឲ្យដឹងថា មន្រ្តីជំនាញកាំងកុងត្រូលសាខាខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ៍លក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួននៅ ក្នុងខេត្តតាកែវ បានរកឃើញ ស្ថានីយ៍ចែកចាយប្រេងឥន្ទនៈមួយចំនួនបានលក់ប្រេងសាំងធម្មតានិងប្រេងសាំងស៊ុបពែខុសពីតម្លៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន១៦០រៀល ក្នុង១លីត្រ ដូច្នោះដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ មន្រ្តីជំនាញកាំកុងត្រូវ បានចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ធនៈ ហើយក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៧ នៅក្នុងខេត្តតាកែវ ដែលមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យបានរកឃើញថាមានស្ថានីយ៍ចែកចាយប្រេងឥន្ធនៈចំនួន៦ លក់ប្រេងសាំងធម្មតាក្នុងតម្លៃ ៤១០០រៀល លើសចំនួន១៥០រៀល ពីការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលតម្រូវអោយលក់ចំនួន ៣៩៥០រៀល។ រីឯសាំងស៊ុបពែមានស្ថាននីយ៍ប្រេងឥន្ទនៈចំនួន៧គឺស្ថានីយ៍ PTT និង Tela បានលក់ក្នុងតម្លៃ៤៣០០រៀល លើសចំនួន១០០រៀល។ ដោយឡែកចំពោះប្រេងម៉ាស៊ូតគឺគ្រប់ស្ថានីយ៏ទាំងអស់បានលក់ត្រឹមត្រូវទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបានរកឃើញមានស្ថានីយ៍ចែកចាយប្រេងឥន្ទនៈមួយចំនួនលក់ក្នុងតម្លៃមិនត្រូវតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ទាំងអស់នោះអោយចូលរួមសហការអនុវត្តន៍តាម គោលការណ៍នៃសេចក្ដីប្រកាស របស់ក្រសួង ហើយម្ចាស់ស្ថានីយ៍ទាំងអស់នោះបានយល់ព្រមលក់ក្នុងតម្លៃដែលក្រសួងបានជូនដំណឹង ៕
មតិយោបល់