ជប៉ុនៈ មន្ត្រីព្រះបរមរាជវាំង បាននិយាយនៅថ្ងៃច័ន្ទនេះថា ព្រះចៅអធិរាជ អាគី ហ៊ីតូ បានលុបចោលភារកិច្ចសាធារណៈរបស់ព្រះអង្គ បន្ទាប់ពីទទួលរងអាការវិលមុខ និងក្អួត ដោយសារតែខ្វះគ្រាប់ឈាមក្រហមក្នុងខួរក្បាល ដែលវាជាស្ថានភាពមួយ បណ្តាលមកពីលំហូរឈាមមិនគ្រប់គ្រាន់ ទៅកាន់ខួរក្បាល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។
ព្រះចៅ អាគី ហ៊ីតូ មានព្រះជន្ម ៨៤ វស្សា ហើយបានគ្រោងរាជ្យសម្បត្តិ អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដោយព្រះអង្គនឹងត្រូវកំណត់ដាក់រាជចុះ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំក្រោយ ដែលវាជាការដាក់រាជ្យលើកដំបូង មិនធ្លាប់មានជិតពីរសតវត្ស នៅក្នុងរាជ្យវង្សជប៉ុន។
ក្រុមគ្រួសាររាជ្យវង្ស ដែលគ្រប់គ្រងកិច្ចការរបស់អធិរាជ បាននិយាយថា ព្រះចៅអធិរាជ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខ្វះគ្រាប់ឈាមក្រហមចូលទៅក្នុងខួរក្បាល បន្ទាប់ពីព្រះអង្គមានអាការក្អួត និងវិលមុខ។
ប្រភពដដែល បានបន្ថែមថា ព្រះចៅអធិរាជ ត្រូវបានសម្រាកព្យាបាលជំងឺ នៅឯព្រះបរមរាជវាំង ក្នុងទីក្រុងតូក្យូ៕
មតិយោបល់