ព័ត៌មានជាតិ

ដាក់អន្ទាក់ចាប់ចោរជាង១ឆ្នាំងទើបចាប់បានម្នាក់វាយម៉ាចាស់ដៃ

ភ្នំពេញៈ ហេតុការណ៍ចាប់ចោរគាស់ផ្ទះមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២៣០ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ ដានី ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទេព វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិកប្រាកដ។ រីឯជនរងគ្រោះមានឈ្មោះ ព្រហ្ម សារិន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ហាងលក់ទូរស័ព្ទដៃ យីហោ ដានី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះជាម្ចាស់ផ្ទះបានឲ្យដឹងថា គាត់បានរៀបអន្ទាក់ចាំចាប់ជនសង្ស័យជាយូរមកហើយ តែមិនបានសម្រេចសោះ កាលពី១ឆ្នាំមុនគាត់ត្រូវបានជនសង្ស័យចូលគាស់ផ្ទះរបស់គាត់ ហើយលួចទូរស័ព្ទដៃដែលកូនគាត់ទុកសម្រាប់លក់អស់១ទូ។

គាត់បានបន្តថា នៅយប់កើតហេតុមានជនសង្ស័យទាំងអស់៣នាក់ ក្នុងនោះមានជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពចូលគាស់សោរផ្ទះ របស់គាត់ ភ្លាមៗនោះកូនគាត់ និងបងប្អូនដទៃទៀតបានឃើញ ហើយស្រែកថា ចោរៗ ! ទើបជនសង្ស័យទាំង៣នាក់ភ័យស្លន់ស្លោ នាំគ្នារត់ចែកជើងគ្នា តែត្រូវម្ចាស់ផ្ទះចាប់បានម្នាក់ នាំគ្នាវាយនិងកាប់ចំដៃខាងឆ្វេងបណ្តាលឲ្យដាច់ម្រាមដៃ២។ ចំណែកបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ឃាត់ខ្លួនជនសង្ស័យ តែដោយមានរបួសធ្ងន់ធ្ងរពេកសមត្ថកិច្ចបានដឹកបញ្ចូនទៅមន្ទីរពេទ្យ ព្រះកុសុមៈដើម្បីព្យាបាល។ រីឯជនរងគ្រោះវិញគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល នគរបាលបឹងសាឡាងចាត់ការតាមច្បាប់៕

មតិយោបល់