ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជួយសង្គ្រោះពលករខ្មែរ ចំនួន២២នាក់ ក្នុងនោះ មានក្មេង៦នាក់ផងដែរ ឲ្យបានត្រឡប់មកមាតុភូមិវិញ ខណៈដែលពួកគេបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃ ឃាត់ខ្លួន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរថៃ ខេត្តសាកែវ និងនគរបាលអន្តោប្រវេសន៍ខេត្ត បានចុះត្រួតពិនិត្យ និងបោសសម្អាតពលករខុសច្បាប់ ក្នុងសិប្បកម្មម្នាងសិលាចំនួន៣កន្លែង នៅឃុំសាលាលាំឌួន ទីរួមខេត្តសាកែវ ហើយបានឃាត់ខ្លួនពលករខ្មែរ ចំនួន២២នាក់ ដែលពុំមានលិខិតឆ្លងដែន ឬ Border Pass ក្នុងនោះ មានកុមារចំនួន៦នាក់ ជាកូនរបស់ពួកគេ។ លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានចុះទីស្នាក់ការនគរបាលអន្តោប្រវេសន៍ ដើម្បីអន្តរាគមន៍ជួយពលករខ្មែរ ខុសច្បាប់ទាំង២២នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា តាមការទាមទាររបស់ស្ថានអគ្គកុងស៊ុល និងការសម្របសម្រួលរបស់អាជ្ញាធរថៃ ថៅកែជនជាតិថៃ បានយល់ព្រមផ្ដល់ប្រាក់ឈ្នួលពលកម្ម ដែលពុំទាន់បើកជូនពលករចំនួន១៦នាក់ និងសន្យាបន្តទទួលយកពលករទាំង១៦នាក់នេះ ឲ្យចូលធ្វើការស្របច្បាប់ក្នុងសិប្បកម្មពេលវិលត្រឡប់ពីធ្វើឯកសារឲ្យបានត្រឹមត្រូវនៅកម្ពុជា។ ទន្ទឹមនេះ ថៅកែបានយល់ព្រមចេញថ្លៃធ្វើឯកសារផ្សេងៗជាមុន ដោយបង់រំលស់ចំណាយទាំងនេះ ពីថ្លៃឈ្នួលពលកម្មរបស់ពួកគេនាពេលខាងមុខ។
បច្ចុប្បន្ន ពលករខ្មែរទាំង២២នាក់នោះ បានមកដល់មាតុភូមិវិញហើយ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត៕
មតិយោបល់