ភ្នំពេញៈ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿងកំពិតផ្នែកខាងក្រោយ រងការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តម៉ាក LEXUS570 ពាក់ស្លាកលេខ ខេមរៈភូមិន្ទមួយគ្រឿង បើកមិនមើលមុខនិងមកបុកពីក្រោយនោះ សំណាងល្អមិន បង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៨ នៅតាមបណ្តោយ ផ្លូវលេខ ៤៨៨ (ខាងកើតរង្វង់មូលផ្សារដើមថ្កូវ) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-2828 មួយគ្រឿង បើកបរដោយបុរសម្នាក់រួមទាំងស្រ្តីចំនួន២នាក់ទៀត រួមដំណើរផងដែរ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាក LEXUS 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ2-0817មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ជាមន្ត្រីយោធាថ្នាក់ខ្ពស់ម្នាក់នោះ ទៅបុកពីក្រោយ បណ្តាលឲ្យកំពិតរងការខូច ខាតយ៉ាងដំណំតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា ហើយខាងរថយន្ត LEXUS 570 ព្រមយករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទៅធ្វើការជួសជុលឲ្យ ដើម្បីជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕
មតិយោបល់