ភ្នំពេញៈ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់បានជនបរទេសចំនួន៩នាក់ ស្រីម្នាក់ សុទ្ធតែជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ស្ថិតនៅកន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ ។
ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ កន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ ក្នុងខណ្ឌឫស្សីកែវ ។
ក្រោយពីចុះពិនិត្យគឺរកឃើញមាន ជនបរទេសចំនួន៩នាក់ ស្រីម្នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវទាំងអស់។
ក្រុមប្រតិបត្តិការបានបញ្ជូនជនបរទេសចំនួន ៩នាក់ ស្រី ម្នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ៕
មតិយោបល់