ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកុងតឺន័រ ងោកមួយភាំង រេចង្កូតជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតដែលចតអែបចិញ្ចើមផ្លូវពេញទំហឹង លាន់ដូច រន្ទះ បណ្តាលឲ្យ យុវជនម្នាក់ធ្លាក់ ពីលើរថយន្ត កិនស្លាប់ យ៉ាងអណោចអធម៌។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខហាងនំបុ័ង ព្រះវិហារ ជិតផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ យិន ចាន់ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើរឡានជាមួយឪពុក ជនជាតិខ្មែរ ស្នាក់នៅភូមិ ត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
ចំណែកតៃកុងរថយន្តបង្កមានឈ្មោះ អៀ សាវុធ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុរបរបើករថយន្ត ស្នាក់នៅភូមិព្រៃដុះ ឃុំស្វាយអំពៀ ស្រុកបរសែត ខេត្តកំស្ពឺ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំបាន បើករថយន្តកុងតឺន័រ សណ្តោងរឺម៉កដែល មានក្បាលពណ៌ ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP .0198 បើកតាមបណ្តោយ ផ្លូវជាតិលេខ៥ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំងជ្រុលទៅបុករថយន្តកូរ៉េក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0545 បើកបរទាំងអស់២នាក់ ដោយរថយន្តចតស្ងៀមនៅលើចិញ្ចើមផ្លូវ។ យុវជនម្នាក់កំពុងរាបចំធុងដាក់ត្រីនៅលើរថយន្ត បុកពេញទំហឹងបណ្ដាលឲ្យរថយន្តកូរេដែលដឹកត្រីបណ្ដាលអោយយុវជននោះធ្លាក់មកក្រោមត្រូវបានរថយន្តកិនស្លាប់ភ្លាមៗនឹងកន្លែងមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកធុងនំប៉ាវ១ ផើងថ្កា២និងកង់១។ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាន ខណ្ឌព្រែកព្នៅ។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅចរាចរណ៍ក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=OpCO_9xLckw
មតិយោបល់