ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) ជញ្ជីងថ្លឹងឡាននៅស្ថានីយកំពង់ទួល ផ្លូវជាតិលេខ៣ ថ្លឹងមិនដែលឃើញលើសទម្ងន់

ភ្នំពេញៈ មន្ត្រីមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា ទីតាំងស្ថានីយថ្លឹងឡានកំពង់ទួល ផ្លូវជាតិលេខ៣ គេមិនដឹងថា ជញ្ជីងនៅទីនោះ វាខូច ឬក៏មន្ត្រីនៅទីនោះវាខូចនោះទេ ព្រោះរថយន្តធំៗ ដឹកទំនិញធុនធ្ងន់ឡើងចង់ស្រុតផ្លូវថ្នល់ទៅហើយ ម្តេចឡើយជញ្ជីងនោះ ថ្លឹងមិនដែលឃើញលើសទម្ងន់អញ្ចឹង? ឃើញតែចូលទៅថ្លឹង ហើយមួយសន្ទុះចេញទៅបានដោយរលូន ដោយគ្មានចាប់នោះឡើយ នេះគេមិនដឹងថា ពួកឈ្មួញទំនិញនោះ វាចេះវិធីសម្រាលទម្ងន់ពេលឡើងលើជញ្ជីងឬ?

ប្រភពខាងលើ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ជញ្ជីងថ្លឹងរថយន្តដែលគេដាក់យកមកថ្លឹងនោះ មានលក្ខណៈត្រឹមត្រូវណាស់ វាថ្លឹងខ្វះប៉ុន្មាន លើសប៉ុន្មាន ភ្នែកជញ្ជីងវាប្រាប់មកប៉ុណ្ណឹង ហើយមន្ត្រីកាន់ការផ្នែកជញ្ជីងឯនោះទេ ទើបភ្នែកមើលមិនឃើញថា ខ្វះ ឬលើសទម្ងន់នោះ ព្រោះតែពួកឈ្មួញបានយកលោកតាស្រម៉ូមបិទច្រមុះ បិទភ្នែកអស់ហើយ។ ក្រុមដដែលបានខ្សឹបប្រាប់សទៀតថា ក្រុមមន្ត្រីកាន់កាប់ជញ្ជីងថ្លឹងរថយន្តនៅកំពង់ទួល ក្នុងភូមិកំពង់ទួល ឃុំរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផ្លូវជាតិលេខ៣ នោះមានជំនាញខាងដាក់ខែជាមួយក្រុមឈ្មួញឡានធំៗ ដឹកលើសទម្ងន់យកលុយចូលហោប៉ៅ ដោយមិនខ្វល់ ចង់ដឹកលើសទើសទៅដល់ល្បាលយក្សទៀតក៏ដោយ ក៏គេមិនខ្វល់រឿងខូចផ្លូវអីទេ សំខាន់បានលុយចិញ្ចឹមស្រីក្មេង ផឹកស៊ីស្រីញីអូនបង។

ប្រភពដដែល បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ក្រុមឈ្មួញរថយន្តធំៗ ផ្ទុកទំនិញលើសទម្ងន់ អាចដឹកជញ្ជូនឆ្លងកាត់កន្លែងស្ថានីយថ្លឹងរថយន្តកំពង់ទួល ដោយសុវត្ថិភាព ប្រសិនបើមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹងមួយនេះ ហើយជារៀងរាល់ថ្ងៃ ពោល គឺទាំងយប់ ទាំងថ្ងៃ មានរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់ដោយសេរី។ ដោយឡែក សមត្ថកិច្ចកម្លាំងប្រដាប់អាវុធកំប៉ិចកំប៉ុកគ្មានលទ្ធភាពទប់ស្កាត់នោះទេ ខណៈអ្នកគ្រប់គ្រងជញ្ជីងថ្លឹងនោះ ពួកគាត់មានជំនាញពុករលួយ ហើយចេញតួលេខបញ្ជាក់ថា មិនលើសទម្ងន់នោះទេ។

មន្ត្រីខ្លះ បានទម្លាយខ្សឹបប្រាប់ទៀតថា បើចង់ដឹងថា មានភាពមិនប្រក្រតីក្នុងកម្រិតណា គ្រាន់តែឲ្យសមត្ថកិច្ចជំនាយ ឬមន្ត្រីជំនាញខាងសាធារណការក្រសួង ចុះមកត្រួតពិនិត្យរថយន្ត អាចនឹងរកឃើញការផ្ទុកលើសទម្ងន់ជាហូរហែមិនខានឡើយ។

ប្រភពបានខ្សឹបប្រាប់នាយយើងទៀតថា កាលពីវេលាម៉ោង២៖១៤នាទី រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែឆ្នាំដដែលនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចស្នាក់ការជញ្ជីងថ្លឹងរថយន្តលើសទម្ងន់កម្រិត ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក ជុន វណ្ណី បានការចុះសហការជាមួយគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កម្រិត និងដឹកនាំបញ្ជា រួមដោយលោក ឯក រដ្ឋ និង សហការី សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចន្ត្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រភពដដែលបានខ្សឹបប្រាប់នាយយើយទៀតថា ជាលទ្ធផលនៅក្នុងប្រតិបត្តិការជាក់ស្តែងនោះ សមត្ថកិច្ច និងជំនាញបានឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២០គ្រឿង រថយន្តធំៗឯណោះ ហើយរថយន្តទាំងអស់កម្លាំងចម្រុះនាំមករក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្តកំពង់ទួលនោះ ដើម្បីឲ្យខាងសមត្ថកិច្ចជំនាញចាត់ចែងតាមនីតិវិធី។

មន្ត្រីបង្ហើបថា រថយន្តឃាត់ទុកករណីផ្ទុកលើសទម្ងន់ បើស៊ើបអង្កេតឲ្យដិតដល់ នឹងរកឃើញថា ក្រុមហ៊ុនណាខ្លះជាប់ពាក់ព័ន្ធផ្តល់ប្រយោជន៍អ្នកគ្រប់គ្រងជញ្ជីងថ្លឹងរថយន្តនេះ ដូចប្រភពខ្សឹបខាងលើនេះមែន តើលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានវិធានការយ៉ាងណា ចំពោះមន្ត្រីខិលខូចពុករលួយទាំងនោះ?៕

មតិយោបល់