ព័ត៌មានជាតិ

ល្បីបាត់សិស្សទួលទំពូង! ចាញ់World CUPច្រើនពេក បែកគំនិតចេញឆក់ទូរស័ព្ទគេម្តង ភ្លាត់ស្នៀតត្រូវប្រជាពលរដ្ឋក្របួច.កឲ្យសមត្ថកិច្ច!

ភ្នំពេញ: ក្មេងស្ទាវ២នាក់ ជិះម៉ូតូឌុបគ្នាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសម្នាក់ ដែលកំពុងជិះលើឡាំប៉ាតា តែមិនបានសម្រេច ខណ:ដែលអ្នកបើកឡាំប៉ាតា ក៏បានកាច់ចង្កូតទៅកៀរម៉ូតូរបស់ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនោះ បណ្ដាលឲ្យដួល ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរត់មកជួយ ចាប់ឃាត់បានភ្លាមៗផងដែរ។ ក្រោយមកសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះភ្លាមនៅកន្លែងកើតហេតុ រួចវាយខ្នោះនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ តែម្ដង។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវលេខ១៦៣ កែងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច មានឈ្មោះ​ដូចជា ជនសង្ស័យទី១(ជាអ្នកធ្វើសកម្មភាព) ឈ្មោះ ពិសិទ្ធ អាយុ១៧ឆ្នាំ មុខរបរជាសិស្សរៀននៅសាលាទួលទំពូងថ្នាក់ទី១១B និងជនសង្ស័យ​ទី២ (ជាអ្នកបើកម៉ូតូ) ឈ្មោះ ជា សុងហៀង អាយុ១៦ឆ្នាំ មុខរបរជួយលក់ដូរចាប់ហួយ ស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

យោងតាមសម្ដីបុរសដែលជាអ្នករត់ឡាំប៉ាតាដែលឌុបជនបរទេស បានរៀបរាប់​ប្រាប់ភ្នាក់ងារ​ Post News ថា នៅមុនពេលកើតហេតុ​ រូបគាត់កំពុងបើកឡាំប៉ាតា ដឹកបុរសជនជាតិចិន ដែលជាភ្ញៀវ ទៅសណ្ឋាគារ ដោយធ្វើដំណើរពីជើងទៅត្បូង​តាមផ្លូវ១៦៣ លុះមកចំណុចកើតហេតុ​កែងផ្លូវ៣៣០ ស្រាប់តែលេចមុខ​ក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ​ 1GX-8079 បានជិះមកអែបពីចំហៀង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសកំពុងនិយាយទូរស័ព្ទ ជិះលើឡាំប៉ាតារបស់គាត់ តែមិនបានសម្រេចទេ ឃើញដូច្នេះ​គាត់ក៏បានកាច់ចង្កួតឡាំប៉ាតា កៀរម៉ូតូរបស់ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនោះ បណ្ដាលឲ្យដួល ហើយស្រែក​ឆោឡោ ចោរៗ! ផ្អើល​បងប្អូនប្រជាពលរដ្ឋនៅក្បែរៗកន្លែងកើតហេតុនាំគ្នារត់មកជួយចាប់ឃាត់បានភ្លាមៗផងដែរ ។ លុះ៥នាទីក្រោយមកសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះភ្លាមនៅកន្លែងកើតហេតុ រួចវាយខ្នោះនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ តែម្ដង។

នៅចំពោះមុខសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃរបស់ជនបរទេសនោះពិតប្រាកដមែន តែមិនបានសម្រេច​ ត្រូវគេចាប់បានតែម្ដង ។ ជនសង្ស័យ​ដែលជាអ្នកបើកម៉ូតូ ឈ្មោះ តុង ហៀង អាយុ១៦ឆ្នាំ ក៏បានប្រាប់ឲ្យដឹងថា នេះជាលើកទី​១ហើយ ក្រោយពីរូបគេទៅចាក់បាល់ World CUP តាម Online ហើយចាញ់ច្រើនពេក ទើបរូបគេបបួលគ្នាខ្ចីម៉ូតូមិត្តភក្តិម្នាក់ទៀត បែកគំនិតចេញឆក់​ ដើម្បីបានស្រង់ដើមខ្លះ តែបែរជាមិនបានសម្រេច​ហើយត្រូវប៉ូលិសឃាត់ខ្លួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង​២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ទួលស្វាយព្រៃទី១ រួចកសាងសុំណំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីបន្ត​នីតិវិធី​៕

មតិយោបល់