ព័ត៌មានជាតិ

រថយន្តដឹកសំបកដបស្រាបៀរអង្គរ ខូចឈប់លើទ្រូងផ្លូវគ្មានដាក់ផ្លាកសញ្ញានិងភ្លើងបំភ្លឺ ត្រូវម៉ូតូសង់បើកលឿនបុកស្លាប់២នាក់

កំពង់ធំ: កាលពីវេលាម៉ោង៩ និង២០នាទី យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត ក្នុងទិសដៅស្របគ្នា ពីជើទៅត្បូង បណ្ដាលឲ្យស្លាប់មនុស្ស២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H-9034 បើកបរដោយឈ្មោះ ហៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរឈ្មោះ អុល ឡី ភេទប្រុស អាយុ២១ឆ្នាំ នៅភមិ ឃុំជាមួយអ្នកបើកបរម៉ូតូខាងលើ (ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែករថយន្តម៉ាក IZUZU ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ ហ០៣៧៨ភព២ (ដឹកសំបកដបស្រាបៀរអង្គរ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការវាស់វែង យកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ចំណែកមូលហេតុជាបឋមបង្កដោយរថយន្តខូច ហើយចតលើទ្រូងផ្លូវ គ្មានដាក់ផ្លាកសញ្ញា និងភ្លើងបំភ្លឺ រួមផ្សំនិងអ្នកបើកបរម៉ូតូមានល្បឿនលឿន៕

មតិយោបល់