ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បករ៣រូប ក្លាយជាគណកម្មការដណ្ដើមពាន «គ្រួសារតារាកម្ពុជា»

នៅថ្ងៃទី៩ កក្កដានេះ «គ្រួសារតារាតារាកម្ពុជា» ដែលត្រូវគេស្គាល់ថាជាក្រុមសិល្បករផ្នែកសប្បុរសធម៌ធំមួយ នឹងប្រារព្ធខួប២ឆ្នាំរបស់ខ្លួនជាលើកដំបូង ដោយក្នុងពិធីនោះ ក៏មានពិធីប្រគល់មេដាយកិត្តិយសចំពោះតារាៗ ដែលធ្លាប់ស្ម័គ្រចិត្តជួយសង្គម និងមានពិធីប្រកួតតារាឆ្នើម ដែលមានលទ្ធភាពគ្រងឈុតលេចធ្លោជាងគេ ក្នុងទម្រង់បុរាណផង។

ការប្រកួតតំណែងសំលៀកបំពាក់ដែលកំពុងធ្វើឲ្យតារាភាគច្រើនរំជើបរំជួលចង់ក្លាយជាម្ចាស់ពាននេះ ត្រូវបានកំណត់ឲ្យតារាមានស្នាដៃ៣រូប ធ្វើជាគណកម្មការវិនិច្ឆ័យ ខណៈដែលអ្នកទាំង៣ក៏សុទ្ធតែមានជំនាញច្បាស់លាស់ក្នុងការកំណត់ថាអ្វីជាឈុតត្រូវទម្រង់ និងកែច្នៃត្រូវតាមក្បួនខ្នាត។

អ្នកគ្រូ គង់ ណារី ដែលត្រូវគេស្គាល់ថាសាស្រ្តាចារ្យផ្នែកសិល្បៈដែលមានស្នាដៃជាយូរមកហើយ នឹងផ្ដល់កិត្តិយសជាគណកម្មការមួយរួប ក្នុងការវិនិច្ឆ័យលើឈុតទម្រង់បុរាណ ដើម្បីកំណត់ថាតើឈុតរបស់តារារូបណា របស់ភ្ញៀវកិត្តិយសរូបណា ដែលសមនឹងក្លាយជាម្ចាស់ពានទាំង៧ ពិតប្រាកដ។ អ្នកនាងគឺជាអ្នកវិនិច្ឆ័យពីទម្រង់សំលៀកបំពាក់ និងពីការរៀបចំខ្លួនឲ្យត្រូវនឹងឈុតដែលបានបង្ហាញ ដើម្បីកំណត់ពិន្ទុថាពិត ជាសមនឹងក្លាយជាម្ចាស់ពាន ឬមិនសម។

អ្នកនាង ព្រំ រដ្ឋា ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងជើងចាស់ ក្នុងទម្រង់បុរាណ និងមានជំនាញតែងបុរាណ តាមរយៈការសិក្សាស្រាវជ្រាវ និងបានទាំងផលិតភាពយន្តក្នុងសម័យបុរាណផង ក៏នឹងក្លាយជាគណកម្មការក្នុងការប្រកួតនេះដែរ។ អ្នកនាងប្រកាសថា ខ្លួននឹងប្រើសមត្ថភាពវិនិច្ឆ័យឲ្យអស់លទ្ធភាព ដើម្បីស្វែងរក៤ឈុតឲ្យក្លាយជាម្ចាស់ពានតារាលេចធ្លោប្រចាំ«គ្រួសារតារាកម្ពុជា»ក្រោមក្រសែភ្នែកអ្នកចូលរួមកុះករ និងគណអធិបតីនាថ្ងៃនោះ។ យ៉ាងណាមិញ អ្នកនាងថាការផ្ដល់ពិន្ទរបស់ខ្លូន ក៏ត្រូវស្ថិតក្នុងបរិយាកាស ដែលឈុតទាំងនោះទទួលបានការចាប់អារម្មណ៍នៅក្នុងពិធី និងមានក្បួនខ្នាតក្នុងការកែច្នៃផងដែរ។

លោក នូ សុភេន ដែលត្រូវគេស្គាល់ថា ជាអ្នកផលិតករកម្មវិធីប្រចាំទូរទស្សន៍ Apsara និងជាអ្នកច្នៃម៉ូតបុរាណប្លែក ៗក្នុងព្រឹត្តិការណ៍ឈុតបុរាណខ្មែរ នាពេលចុងក្រោយ ក៏ជាគណកម្មការមួយរូបក្នុងការប្រកួតឈុតនេះដូចគ្នា។ លោកនឹងប្រើជំនាញកត់សម្គាល់ឈុត ដែលមានសិល្បៈច្បាស់លាស់ ដោយកំណត់យកឈុតដែលត្រូវទម្រង់ មានក្បួនខ្នាត និងមានឯកសារជាអំណះអំណាង ហើយជាឈុតលេចធ្លោ ដើម្បីឲ្យគ្រងជាតំណែងតារាលេចធ្លោ។

លោកសប្បាយចិត្តដែលត្រូវបាន «គ្រួសារតារាកម្ពុជា» ផ្ដល់សិទ្ធិឲ្យធ្វើជាគណកម្មការផ្ដល់ពិន្ទុ ខណៈដែលលោកក៏អះអាងពីការផ្ដល់ពិន្ទុ ឲ្យបានសុក្រឹត ដើម្បីឲ្យឈុតដែលទម្រង់សិល្បៈ ហើយទាក់ទាញលើកពាន។ យោងតាមការប្រកាស ការប្រកួតជ្រើសរើសអ្នកគ្រង ឈុតបុរាណលេចធ្លោនេះ មិនតម្រូវឲ្យមានការដាក់ពាក្យប្រកួតប្រជែងនោះទេ គឺគ្រាន់តែអ្នកមានឈ្មោះ ចូលរួមតែងខ្លួនក្នុងឈុតបុរាណណាមួយគឺជាការស្រេច។

ក្រៅពីការដាក់ពិន្ទុចុងក្រោយរបស់គណកម្មការទាំង៣ គណប្រតិភូនៅក្នុងកម្មវិធី១០រូប ក៏នឹងមានសិទ្ធិបោះឆ្នោតស្វែងរកតារា ដែលគ្រងឈុតលេធ្លោដែលខ្លួនពេញចិត្តផងដែរ ដើម្បីផ្ទៀងផ្ទាត់ថាអ្វីដែលគណប្រតិភាពបានជ្រើសតើត្រូវនឹងការសម្រេចរបស់គណកម្មការទាំង៣ ឬទេ។ ពានដែលគ្រោងនឹងប្រកាសឡើងនោះ រួមមានឈុតលេចធ្លោ ផ្នែកគ្រោងឈុតបុរាណស័ក្តសម ឈុតតារាឆ្នើម ផ្នែកគ្រងឈុតកម្រ ក្នុងសម័យបុរាណលេចធ្លោ ឈុតតារាឆ្នើមផ្នែកគ្រងឈុតបុរាណច្នៃលេចធ្លោ និងពានដែលបន្ថែមគឺតារាគ្រងឈុតអស្ចារ្យប្រចាំឆ្នាំ៕

មតិយោបល់