ព័ត៌មានជាតិ

តុលាការឃុំខ្លួន តៃកុងរថយន្ត ដែលបើកបុកមន្ត្រីចូលនិវត្តស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញ: យោងតាមប្រភពពីមន្ត្រីនគរបាលការិយាល័យចរចារណ៍ នៃស្នងការនគរបាលក្រុងភ្នំពេញ បានឲ្យដឹងថា បុរសជាតៃកុងរថយន្ត កូរ៉េ ដែលបើកបុកបុរសជាមន្ត្រីចូលនិវត្តម្នាក់ ស្លាប់នៅខណ្ឌដង្កោ ត្រូវបានលោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ហើយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ប្រភពបានបពន្ដថា ជនត្រូវចោទឈ្មោះ វ៉ន ប៊ុណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្ននៅភូមិស្រែញរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ក នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ៣០ម៉ែត្រ ភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

គួររំលឹកថា ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ បើករថយន្តកូរ៉េតទ្រុងមួយគ្រឿង បុកជនរងគ្រោះ សែម ផុន ភេទ ប្រុស អាយុ ៧៥ឆ្នាំ មុខរបរ មន្រ្តីរាជការ ចូលនិវត្តន៍ ស្លាប់នៅកន្លែងកើតត្រង់ចំណុចផ្លូវបេតុង ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់