ភ្នំពេញៈចាត់ទុកជារឿងភ្ញាក់ផ្អើលដែលតារាចម្រៀងក្រម៉ិចក្រម៉ើមអ្នកនាងខាត់ សុឃីម បានប្រកាសសុំសិទ្ធពីតារាចម្រៀងវ័យក្មេងលោកអ៊ាម វន្នី បេក្ខភាពល្បីឈ្មោះក្នុងកម្មវិធីCambodian Idol ដើម្បីបានច្រៀងបទរបស់លោកក្រោមចំណង
ជើងថា«មើលងាយ»។ នេះជាការចាប់អារម្មណ៍មួយ ដោយសារតែកន្លងមកអ្នកនាងត្រូវគេដឹងថាមានបទផ្ទាល់ខ្លួនរាប់មិនអស់ ហើយបើច្រៀងបទគេក៏អ្នកនាងមិនធ្លាប់ប្រកាសសុំសិទ្ធិបែបនេះ។
អ្នកនាងខាត់ សុឃីម បានថ្លែងប្រាប់ Post news ថា ក្រោយពីបានស្ដាប់បទនិពន្ធថ្មីៗរបស់លោកអ៊ាម វន្នី ជាច្រើនបទ អ្នកនាងមានអារម្មណ៍ដក់ជាប់នូវបទក្រោមចំណងជើងថា«មើលងាយ»យ៉ាងខ្លាំង ដោយសារតែអត្ថន័យនៅក្នុងបទនោះ ឲ្យតែអ្នកនាងស្ដាប់ហើយគឺតែមិនភ្លេចនឹងពាក្យប្រមាថមើលងាយរបស់មនុស្សមួយចំនួន។ អ្នកនាងថា បទចម្រៀងភាគច្រើនដែលនិពន្ធថ្មី និងបកស្រាយដោយផ្ទាល់របស់លោកអ៊ាម វន្នី សុទ្ធតែអ្នកនាងចូលចិត្ត ប៉ុន្តែបើធៀបនឹងអតីតកាលដែលបានហែលឆ្លង អ្នកនាងពេញចិត្តនឹងបទ«មើលងាយ»ជាងគេ។
អ្នកនាងសម្រេចចិត្តសុំសិទ្ធិពីលោកអ៊ាម វន្នី ដើម្បីបានច្រៀងបទនោះ ដោយអ្នកនាងនឹងគ្រោងបកស្រាយលើឆាកតន្ត្រីទូរទស្សន៍ក្នុងពេលដ៏ខ្លី។ អ្នកនាងថា បើទោះជាអ្នកនាងមិនយកបទនោះទៅថតដាក់ឌីសក៏ដោយ ក៏អ្នកនាងត្រូវតែសុំច្បាប់ដើមមុននឹងយកមកច្រៀងលើឆាកផងដែរ ដោយយសារតែបទ«មើលងាយ»នេះ ជាបទនិពន្ធថ្មីទាំងស្រុងដោយតារាចម្រៀងលោកអ៊ាម វន្នី។ អ្នកនាងនិយាយថា«បទនឹងមិនមែនត្រូវចិត្តតែខ្ញុំទេ គឺត្រូវចិត្តមនុស្សច្រើន ព្រោះអ្នកនាងយល់ថាអ្នកនាងក៏ធ្លាប់ត្រូវគេមើលងាដែរនៅពេលដែលយើងម្នាក់ៗមិនទាន់ឈានដល់ចំណុចនេះ ចឹងហើយទើបខ្ញុំពេញចិត្តសុំសិទ្ធិពីម្ចាស់ដើមយកមកច្រៀង ដោយសារតែខ្ញុំចង់ច្រៀងបទនឹងលើឆាកទូរទស្សន៍!»។
អ្នកនាងថា បទ«មើលងាយ»ជាប្រភេទបទមួយដែលអ្នកនាងស្ដាប់ហើយចង់ស្រក់ទឹកភ្នែក ប៉ុន្តែក៏សប្បាយចិត្តនឹងអតីតកាលដែលធ្លាប់ត្រូវមនុស្សមើលងាយទាំងនោះផងដែរ ដោយអ្នកនាងបានចាត់ទុកថាបើកុំតែមានគេមើលងាយប្រហែលមិនឈឺចាប់ ហើយប្រឹងក្រោកឈររហូតឈានដល់ចំណុចនេះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ Post news មិនទាន់បានសុំការសាកសួរពីលោកអ៊ាម វន្នី នៅឡើយទេ ប៉ុន្តែកន្លងមកលោកធ្លាប់បង្ហាញថា លោកមានតែសប្បាយចិត្តប្រសិនបើអ្នកសិល្បៈណាមួយ ជាពិសេសគឺអ្នកសិល្បៈល្បីឈ្មោះជ្រើសយកបទចម្រៀងរបស់លោកណាមួយយកមកច្រៀងជាសាធារណៈ៕
មតិយោបល់