ព័ត៌មានជាតិ

ម្ចាស់ផ្ទះមិននៅចាក់សោទុកចោល មកវិញផ្ទះឆេះខ្ទេច ផ្អើលទាំងយប់!

ភ្នំពេញៈ ផ្ទះ​ឈើលើថ្មក្រោម​មួយ​ខ្នង​ ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​យក​អស់​ទាំង​ស្រុង ​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង​៧និង​៣០នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះអត់លេខ​ ផ្លូវបេតុង​ ភូមិក្រាំង​អង្ក្រង​ទី១​សង្កាត់ក្រាំង​ធ្នង់ ខណ្ឌសែនសុខ។

បើតាមសម្តីប្រជាពល​រដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅមុខ​ពេល​កើត​ហេតុ​ដោយ​ផ្ទះ​កើត​ហេតុ​ខាង​លើ​បាន​ចាក់​សោ​ចោល​ ព្រោះម្ចាស់ផ្ទះបានចេញ​ទៅ​ធ្វើ​ការ​មិន​ទាន់​ត្រឡប់​មក​វិញ​នោះ​ទេ​។ ហើយ​គេក៏​ធំក្លិន​ឈ្ងៀម​និង​មាន​ផ្សែងហុយយ៉ាងខ្មួរខ្មាញ់ចេញមក​ពី​ផ្ទះកើត​ហេតុ​ខាងលើ​ បន្ទាប់​មក​ក៏​ស្រាប់​តែ​ឃើញ​មាន​អណ្ដាត​ភ្លើង​បាន​លេច​មក​ឆាបឆេះ​ផ្ទះ​កើត​ហេតុ​ខាងលើ​យ៉ាង​សន្ធោសន្ធៅ​។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​នាំ​គ្នា​ដង​ទឹក​និង​ទាញ​ទុយយោ​បាញ់​ពន្លត់​ តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​បាន​ដែល​ឆាបឆេះ​បាន​នោះទេ ហើយក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ បន្ទាប់​មក​ក៏​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ចំនួន​៣គ្រឿង​ចុះមក​ដល់​ តែ​ជា​អកុសល​ពេល​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ដល់​ផ្ទះ​កើត​ហេតុ​ខាង​លើ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ទាំង​ស្រុង​បាត់​ទៅ​ហើយ​។ ចំណែក​ឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ត្រឹម​តែ​បាញ់​ពន្លត់​រងើក​ភ្លើង​ដែល​សេសសល់​តែប៉ុណ្ណោះ​។

បើ​តាម​សម្ដី​ពី​សមត្ថកិច្ច​បាន​ឲ្យដឹង​ដែរ​ថា​ផ្ទះ​កើត​ហេតុ​ខាង​លើ​មាន​ម្ចាស់​ឈ្មោះ​ ស៊ុន សុខខន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ​។ ផ្ទះ​កើត​ហេតុ​ខាង​លើ​មានទំហំប្រមាណ​៤ម៉ែត្រ​គុណ​នឹង​១០ម៉ែត្រ​ ជាប្រភេទ​ឈើ​លើ​ថ្ម​ក្រោម​គឺ​រងការខូចខាតឆេះអស់ទាំងស្រុង។ ហើយ​ជំហាន​ដំបូង​សមត្ថកិច្ច​សណ្ឋាន​ថា​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ខាង​លើ​គឺ​បង្ក​ឡើង​ដោយ​ឆ្លង​ចរន្ត​អគ្គិសនី​៕

មតិយោបល់