ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីអ្នកគ្រូពេទ្យម្នាក់បានសម្រេច ហើយតែរត់មិនរួច ត្រូវអ្នកគ្រូពេទ្យនោះជិះម៉ូតូប្រដេញតាមបំបុកម៉ូតូជនសង្ស័យដួលហើយស្រែកឲ្យគេជួយ ចាប់ជាប់ម្នាក់ រីឯម្នាក់ទៀត រត់បានប្រមាណ១០០ម៉ែត្រ ស្រែកផ្អើលពលរដ្ឋចាប់នាំជួយចាប់បានទាំង២នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤០នាទីល្ងាច ទីតាំងស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះ យឿន សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី២មានឈ្មោះ ភឿន ប្រចាក់ ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមាន ឈ្មោះ សេង វណ្ណចាន់ អាយុ២៤ឆ្នាំ មុខរបរ អ្នកគ្រូពេទ្យ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះបាន ជិះម៉ូតូ ម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FE-3985 ។ ចំណែកជនស្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1769 ជាមធ្យោបាយធ្វើសកម្មភាពឆក់ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខណៈដែលខ្លួន កំពុងជិះម៉ូតូ ធ្វើដំណើរតាមដងផ្លូវ១០០៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមកដល់ទន្ទឹម ហើយធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាក iPhone 7plus ពីឃ្លប់ម៉ូតូខាងមុខ បានសម្រេចហើយព្យាយាមជិះរត់គេច ភ្លាមៗនោះខ្លួនបាន ប្រដេញតាមទាន់បំបុក ធ្វើអោយម៉ូតូជនសង្ស័យដួល ហើយធាក់មួយជើងបន្ថែមទៀត លោតចុះចាប់ក្របួចកអាវបានម្នាក់ ម្នាក់ទៀតឃើញមិនស្រួល ស្ទុះរត់បានប្រមាណ១០០ម៉ែត្រ ស្រែកផ្អើល ពលរដ្ឋក្របួចជាប់ ទើបរាយការណ៍ទៅសម្ថិតកិច្ចតែម្តង។ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃអោយទៅជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់