ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួចទូរស័ព្ទ

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួចទូរស័ព្ទកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅ ចំណុចផ្ទះលេខ១៤Eo ផ្លូវលេខ២៣០ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ ភ័ណ្ឌ វណ្ណា ហៅ វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ហែម សារ៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ លេខ១៤Eo ផ្លូវលេខ២៣០ ក្រុមទី២៥ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់បានរួមមាន៖ ទូរស័ព្ទមួយគ្រឿងម៉ាកK Phone ( ជារបស់ជនរងគ្រោះ ) ដាវកែច្នៃមួយដើមប្រហែល០,៦០ម៉ែត្រ។

នៅមុនពេលកើតហេតុជនរងគ្រោះបានដាក់ទូរស័ព្ទសាកថ្មនៅក្នុងផ្ទះ ពេលនោះជនសង្ស័យមកដល់បានចូលទៅធ្វើសកម្មភាពលួច ពេលនោះជនរងគ្រោះបានឃើញក៏ស្រែកចោរៗ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ព្រមទាំងដកដាវគំរាមកាប់ប្រជាពលរដ្ឋដែលរត់ដេញ តាមក៏ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយរបួសក្បាល ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់