ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេច តែគេចខ្លួនមិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច តែរត់មិនរួច​ កាលពីម៉ោង០៦និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងមុខហ្គ្រេនភ្នំពេញ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ។

ប្រភព​ឲ្យដឹងថា ជនសង្ស័យឈ្មោះ សើរ គិរី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅសង្កាត់ច្រាំចំរះ២ ខណ្ឌឫស្សីកែវ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ កាំង សេងសុគន្ធី អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅផ្ទះលេខ១៣៦អឺ៤ ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ នាងបានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1BW-4031 ចេញពីផ្ទះ គោលបំណងទៅ​ភូមិអន្លង់ក្ងាន ដោយជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមម័រអិច ពណ៌ខ្មៅលាយទឹកប្រាក់ មិនចាំស្លាកលេខមកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយជំហៀងដែលគាត់ដាក់នៅលើរៀនកណ្តាលម៉ូតូរបស់នាងបានសម្រេច​ ​រួច​បើកគេ​ចខ្លួនទៅលិចបាត់ស្រមោល ​បណ្តាលឲ្យនាងដួលម៉ូតូរងរបួស​ស្រាល។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ​ទៅជួបកម្លាំងសមត្ថកិច្ចល្បាតឃើញក៏ដេញឃាត់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀត បើកម៉ូតូគេចខ្លួន​បាត់ស្រមោល។ បច្ចុប្បន្នជនសង្ស័យត្រូវបាន​ឃាត់ខ្លួនយក​មក​សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកកាបូបប្រគល់ឲ្យម្ចាស់ដើមវិញ៕


មតិយោបល់