ព័ត៌មានជាតិ

បើកការដ្ឋានជួសជុលផ្លូវលេខ១៩៥៨ និងប្រព័ន្ធលូ នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញៈ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលេខ១៩៥៨ នៅភូមិទំនប់ និងជួសជុលប្រព័ន្ធលូនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងឱកាសនោះលោកចៅសង្កាត់ភ្នំពេញថ្មីបានឡើងមានមតិស្វាគមន៍ចំពោះថ្នាក់ដឹកនាំខណ្ឌសែនសុខទាំងអស់ និងជម្រាបជូនរបាយការណ៍ស្ដីពីការជួសជុលផ្លូវលេខ១៩៥៨ និងជួសជុលប្រព័ន្ធលូ នៅភូមិ-សង្កាត់ភ្នំពេញថ្មី។

ក្នុងនោះបានបញ្ជាក់ឲ្យដឹងពីការជួសជុលផ្លូវលេខ១៩៥៨ មានប្រវែងបណ្តោយ៥៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាក់ក្រាលកៅស៊ូ AC នៅភូមិទំនប់ និងជួសជុលប្រព័ន្ធលូ១ខ្សែប្រវែង១២០ម៉ែត្រ មានមុខកាត់១ម៉ែត្រ នៅផ្លូវលេខ១០១៩(ភ្នំពេញ-ហាណូយ) មុខផ្សារដីហុយ ក្នុងភូមិភ្នំពេញថ្មី ដែលជាគម្រោងរបស់ខណ្ឌសែនសុខ ឆ្នាំ២០១៦ នៅសង្កាត់ភ្នំពេញថ្មី ដោយចំណាយថវិកាចំនួន ៧២៨,៨២៤,០០០រៀល។

ជាមួយគ្នានេះដែរ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានមានមតិក្នុងពិធីនេះ ដោយលើកឡើងថា លោកមានក្ដីសោមនស្សរីករាយក្រៃលេង ដែលបានចូលរួមពិធីបើកការដ្ឋានចំនួន២នាពេលនេះ ដែលគម្រោងទាំងនេះមានការឯកភាពពីលោក អភិបាលរាជធានីភ្នំពេញនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

លោកអភិបាលបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូល និងក្នុងនាមលោកផ្ទាល់សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេស ដែលនាំឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើគម្រោងជាអាទិភាព គឺការស្ថាបនាផ្លូវ និងការដាក់លូរំដោះទឹកដោយមានលក្ខណល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។

បន្ទាប់មកលោកអភិបាលខណ្ឌបានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវហើយបានចុះមកពិនិត្យកន្លែង ដាក់ប្រព័ន្ធលូតាមគម្រោងខាងលើ និងបានសុំទោសដល់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់កន្លែងដាក់លូខាងលើផង។

ជាមួយគ្នានេះផងដែរប្រជាពលរដ្ឋក៏មានសេចក្តីត្រេកអរ ដែលបានឃើញអាជ្ញាធរចុះរៀបចំប្រព័ន្ធលូថ្មីជូនដល់ពួកគាត់ក្នុងមូលដ្ឋានជាមួយគ្នានោះ ដែលពួកគាត់ជាប្រជាពលរដ្ឋដែលរងប៉ះពាល់ខាងលើ ក៏សូមណូមពរដល់ក្រុមការងារដែលចុះមកដាក់លូខាងលើមេត្តាកាយដាក់លូបណ្តើរលុបបណ្តើរផង ដើម្បីងាយស្រួលដល់ពួកគាត់ប្រកបរបរចិញ្ចឹមជីវិតរាក់ថ្ងៃ៕

មតិយោបល់