ភ្នំពេញៈ ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោម៤នាក់ ត្រូវពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច ក្រោយពីពួកពីធ្វើសកម្មភាពទម្លាក់យោងឆបោកយកប្រាក់ និងគ្រឿងអលង្ការអស់ពីខ្លួន។
ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ដែលចាប់ខ្លួនមានឈ្មោះ ប៊ិ សុខម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល តាមផ្លូវរថភ្លើង ភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ រីឯបក្ខពួក៣នាក់ទៀត ក្នុងនោះប្រុសម្នាក់ និងស្រី២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែកនារីរងគ្រោះជាកម្មការីនីរោងចក្រ ស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ចំណែកគ្រឿងអលង្ការដែលបាត់បង់ទៅរួមមាន កងដៃមួយឈុត តម្លៃជាង៣០០ដុល្លារ ក្រវិលមាសមួយគូ, ទូរស័ព្ទដៃសាំសុង១គ្រឿង, លុយ១០០ដុល្លារ និងលុយខ្មែរ២ម៉ឺនរៀល។
តាមនារីដែលជាជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល០៧នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នាងបានធ្វើដំណើរទៅធ្វើការនៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ស្រាប់តែមានស្ត្រីម្នាក់ដើរតាមមកសួរថា «មានរើសបានកញ្ចប់មាសទេ មានគេជ្រុះបាត់ ក្នុងនោះមានមាស៨តម្លឹង» ។ ភ្លាមៗ ស្រាប់តែមានស្ត្រីម្នាក់ទៀតធ្វើជាមកប្រាប់ថា «កុំមាត់ ខ្ញុំរើសបាន យើងទុកដូរចែកគ្នា» ព្រមទាំងបើកកូនថង់ឲ្យមើល មានលោហៈពណ៌ក្រហមច្រាល។
នារីរងគ្រោះបានអោយដឹងទៀតថា ខណៈនោះស្ត្រី២នាក់ក៍បានបបួលនាងជិះម៉ូតូ២គ្រឿង ទៅដូរចែកគ្នា ដែលម៉ូតូទាំង២គ្រឿងសុទ្ធជាបក្ខពួករបស់ក្រុមជនសង្ស័យ ។ នៅពេលធ្វើដំណើររហូតដល់ផ្លូវលំភូមិ ទ្រុងមាន់ ទើបឈប់ហើយ ស្ត្រីដែលជាជនសង្ស័យបានលាមាត់ថង់អោយនារីរងគ្រោះមើលម្តងទៀត និងនិយាយបញ្ចុះបញ្ចូលអោយនាងដោះគ្រឿងអលង្ការ ហើយទាមទារប្រាក់ និងយកទូរសព្ទពីនារីរងគ្រោះ រួចក៏បានប្រគល់កញ្ចប់នោះអោយនារីរងគ្រោះ ហើយក្រុមជនសង្ស័យក៏បានឡើងជិះម៉ូតូមួយគ្រឿងទៀតចេញទៅដោយប្រាប់នាងថា ចាំនៅទីនេះហើយ ទៅដូរចែកគ្នា ។
តាមព័ត៌មានអោយដឹងទៀតថា នៅពេលដែលស្ត្រី២នាក់ ព្រមទាំងប្រុសម្នាក់ជិះទៅបាត់ នារីរងគ្រោះបានលាកញ្ចប់នោះមើល ឃើញសុទ្ធតែគ្រាប់សំណ ទើបដឹងខ្លួនចាញ់បោកគេ ក៏បានអោយម៉ូតូមួយគ្រឿង ដែលដឹកមកជិះដេញតាមបានបន្តិច ក៏ប្រាប់ថា «ចុះសិន អស់សាំង» នាងក៏បានចាប់អារម្មណ៍ថាជាបក្ខពួករបស់ក្រុមជនសង្ស័យ ហើយនាងក៍បានស្រវាចាប់ចង្កេះខោជនសង្ស័យម្នាក់នោះជាប់ ស្រែកឆោឡោផ្អើលពលរដ្ឋនាំគ្នាចាប់ខ្លួនបានប្រគល់អោយសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបក្ខពួករបស់ក្រុមជនសង្ស័យ ដែលគេចខ្លួននោះមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕



មតិយោបល់